យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ​មូលនិធិគន្ធបុប្ផាកម្ពុជា ​ទទួលបានថវិកា​ជាង ៣,៣ លានដុល្លារ

​មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាស​ឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី​១ ខែកក្កដា បានឱ្យដឹងថា ​យុទ្ធនាការដ៏មានសារៈសំខាន់នេះ មានការចូលរួម​ជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣ លានដុល្លារ។

បើធៀបនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមក, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤​នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន,រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។

​សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ទាំងនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតីខ្មែរជួយខ្មែរ”ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ​បានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះឡើងក្នុងគោលបំណង ពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុស ចលនាកៀរគរការបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំង ក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹមដល់ ទារក និងកុមារនៅកម្ពុជា។​​

យោងតាមសំណេររបស់ លោកស្រី​ប្រធានកិត្តិយស, ទោះបីជាយុទ្ធនាការ ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុង មួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និង នៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕​

Daily Program

Livesteam thumbnail