យានដឹកយន្តហោះចម្បាំងអវកាសរបស់ចិន តើវាជាអាវុធអនាគត ឬជាឧបករណ៍ឃោសនា?
ទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវី CCTV ទើបតែបានផ្សព្វផ្សាយវីដេអូមួយក្នុងទម្រង់ ស្រ៊ីឌី (3D) នូវយាន លូអាននីវ ដែលជាយានអវកាសដ៏ធំសម្បើមដែលមានសមត្ថភាពអាចហោះឆ្លង់ផុតបរិយាកាសជាន់ខ្ពស់បំផុតនៃផែនដី និងដាក់ឲ្យដំណើរការសម្រាប់ ២០-៣០ឆ្នាំ ខាងមុខ។ ប្រភេទនៃយានអវកាសនេះ នឹងអាចដឹកនាំយន្តហោះចម្បាំង ស័ននូ ដែលជាយន្តហោះអនាគត និងអាចបាញ់មីស៊ីលល្បឿនលឿនជាងសម្លេងវាយប្រហារផងដែរ។
យោងតាមអ្នកឯកទេសការពារជាតិ លោកផេតធើ ឡេថុន មកពីវិទ្យាស្ថានអូស្រ្តាលី ហ្គ្រីហ្វហ្វីត អេសៀ (Griffith Asia) បានឲ្យដឹងថា យានបែបនេះគឺលើសពីចំណាត់ថ្នាក់របស់គូប្រជែង និងធ្វើចលនាមួយភាគធំអាចការពារពីលក្ខខណ្ឌអាកាសធាតុ និងគេចផុតពីប្រព័ន្ធការពារអាកាស។ លើសពីនេះ វាអាចឲ្យទីក្រុងប៉េកាំងបោះទីតាំងផ្ទាល់នៅពីលើគោលដៅដើម្បីធ្វើការវាយប្រហារ។ នេះអាចជាសារមួយដែលធ្វើឲ្យតៃវ៉ាន់មិនអាចមិនមានអារម្មណ៍ឆ្លើយតបបានទេ។
ទោះបីជាយ៉ាងណា តើគេអាចធ្វើឲ្យសម្រេចយានបែបនេះបានដែរឬទេ? អ្នកឯកទេសនានាបានបង្ហាញនូវឧបសគ្គជាច្រើនមុននឹងធ្វើឲ្យសម្រេចបានយានប្រភេទនេះ មានដូចជា ការផ្គត់ផ្គង់អគ្គិសនី ការធ្វើឲ្យចុះត្រជាក់ ការការពារពីកាកសំណល់អវកាស ហើយជាពិសេស ការបញ្ជូនថាមពលរុញច្រានយាន។
បើយោងតាមលោកផេតធើ ឡេថុន បានឲ្យដឹងថា យានបែបនេះនឹងត្រូវការប្រេងឥន្ធនៈក្នុងបរិមាណយ៉ាងច្រើនសម្បើម ព្រមទាំងវិធីបញ្ជូនថាមពលរុញច្រាន ដែលនៅតែមានកម្រិតនៅឡើយ។ ចិនបានព្យាយាមអស់រយៈពេលជាង ១ទសវត្ស លើការផលិតរ៉ូកែត ដែលអាចប្រើឡើងវិញបាន ដូចប្រភេទដែល ក្រុមហ៊ុន ស្ពេសអ៊ិក (SpaceX) បានបង្កើត ប៉ុន្តែមិនទាន់មានលទ្ធផលជាក់លាក់ទេ រហូតមកទល់បច្ចុប្បន្ន។
គម្រោងការ លូអេននីវ Luanniao ត្រូវបានបញ្ចូលក្នុងកម្មវិធីយោធាចិនដែលកាន់តែទំលំទូលាយ ដែលហៅថា ណានទ្យានម៉េន Nantianmen ឬ ទ្វារមេឃភាគខាងត្បូង។ កម្មវិធីនេះរួមបញ្ចូលរាល់អាវុធអាកាសអនាគតជាច្រើន ដូចជា ការហោះហើរលឿនសម្លេង (hypersonique) ការបំបាំងកាយ ការសម្របសម្រួលដោយស្វ័យប្រវត្តិនៃក្រុមដ្រូន បញ្ញាញ្ញាណសិប្បនិម្មិត (AI) អាវុធថាមពលដឹកនាំ និងប្រតិបត្តិការយោធាអវកាស និងបរិយាកាស។
ពាក់ព័ន្ធនឹងគម្រោងរបស់ចិន អ្នកសារព័ត៌មានដែលមានឯកទេសលោកប្រាដុន ជេ វ៉េជេត បាននិយាយកាលពីខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងទស្សនាវដ្តីផលប្រយោជន៍ជាតិ The National Interest អំពី “យុទ្ធនាការឃោសនា” មួយ ដែលមានគោលបំណងធ្វើឲ្យប្រទេសលោកខាងលិចមិនមានស្ថិរភាព។ លោកបានសរសេរថា សហរដ្ឋអាម៉េរិកមិនត្រូវមើលស្រាលការគំរាមកំហែងខាងបច្ចេកវិជ្ជាជាន់ខ្ពស់ដែលប្រទេសចិនបង្ហាញនោះទេ។ ហើយសហរដ្ឋអាម៉េរិកក៏មិនត្រូវធ្លាក់ចូលអន្ទាក់ចិត្តសាស្រ្តដែលរៀបចំ ដែលមានគោលបំណងធ្វើឲ្យអាម៉េរិកបរាជ័យ ស្រដៀង វិធីដែលកម្មវិធីការពារយុទ្ធសាស្ត្រអាយឌីអេស (IDS) របស់ប្រធានាធិបតីរ៉ូណាល់ រីហ្គេន ដែលបានធ្វើឲ្យសហភាពសូវៀតរលាយ។ កម្មវិធីនោះបង្ខំនាំឲ្យអំណាចសូវៀតមិនសូវអើពើចំពោះការរីកចម្រើនសេដ្ឋកិច្ច និងប្រថុយនឹងការបែកខ្ទេច ព្រោះតែជំនួសឲ្យការក្រសោបតែសមិទ្ធផលបច្ចេកវិទ្យាថ្មីៗ ដែលចុងក្រោយ ពួកវានឹងមានតម្លៃខាងយោធា បានត្រឹមតែតិចតួចប៉ុណ្ណោះ។
ដោយបង្ហាញរូបភាពទាំងនេះ ទីក្រុងប៉េកាំង បានប្រើយុទ្ធសាស្រ្តសំខាន់មួយ គឺលលេងលើអំនួតរបស់មេដឹកនាំអាម៉េរិកលោកដូណាល់ ត្រាំ ដើម្បីរុញច្រានឲ្យគាត់ ឲ្យប្រឹងពង្រីកបំប៉ោងខ្លួន ហើយចុងក្រោយ ក៏ធ្លាក់ចូលក្នុងអន្ទាក់។