យន្តការផ្សះផ្សាដោយបង្ខំ លើការដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ របស់កម្ពុជា ចំពោះការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS បន្ទាប់ពីករណីដំបូង រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ។

ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែន សមុទ្រត្រួតស៊ីគ្នា​ ជាមួយប្រទេសថៃ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិ ដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS ។ យន្តការនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញនូវជំហររបស់ខ្លួន នៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ ។

ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា ការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំ លើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យ ក្នុងករណីវិវាទ រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរ បានដោះស្រាយព្រំដែនសមុទ្រ​ដោយសន្តិវិធីនៅឆ្នាំ២០១៨ ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅពេលនេះ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី” ។

បន្ថែមលើនេះ សម្តេចធិបតី អះអាងជាថ្មីថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនបង្កើនភាពតានតឹង ប៉ុន្តែផ្ទុយទៅវិញការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ តាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ ដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងដោយសុច្ឆនៈពិតប្រាកដ៕

Daily Program

Livesteam thumbnail