មេធាវី​ជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ដែលជាប្រធាន គណបក្ស កម្លាំងជាតិ ពហិការក្នុងសវនការសា​លា​ឧទ្ធរណ៍

នារសៀលថ្ងៃអង្គារ ទី​១១​ ខែមិថុនានេះ មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ លោក ជួង ជូងី បានសម្រេច​ធ្វើពហិការក្នុងសវនការសា​លា​ឧទ្ធរណ៍ ​លើបណ្តឹងឧទ្ធរណ៍ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន​​របស់សាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបាន​ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែង ផ្សេងទៀត ក្នុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក ជួង ជូងី មេធាវី ការពារសិទ្ធិ ឲ្យលោកស៊ុន ចន្ធី បានថ្លែង​ឱ្យដឹងថា លោកបានធ្វើ​ពហិការក្នុងសវនការ សា​លា​ឧទ្ធរណ៍រសៀល ដោយសារ សមត្ថកិច្ច មិនបាននាំខ្លួន លោក ស៊ុន ចន្ទី ពីពន្ធនាគារ ម៤ ខេត្តពោធិសាត់ ចូលមកក្នុងសវនការ។

លោកថា ៖ «សមត្ថកិច្ចមិនបានយកគាត់មក ដូច្នេះខ្ញុំជាមេធាវីមិនអាចចូលរួមសវនាការបានទេ​ ព្រោះសមត្ថកិច្ចមិនបានយកកូនក្តីរបស់ខ្ញុំមក។ ការដែលតុលាការឃុំខ្លួន​លោកស៊ុន ចន្ធីនេះ គឺដើម្បី​ទុកជូនតុលាការចាត់ការតាមនីតិវិធី តែឥឡូវតុលាការចាត់ការ បែរជាមិនយកគាត់មកតុលាការ។ ចឹង វាមិនត្រូវ ហើយតុលាការថាបើមិនឃុំខ្លួនខ្លាចគាត់រត់គេចខ្លួន មិនចូលតុលាការ តែឥឡូវហេតុអីមិនយកគាត់មក?»។

លោក ជួង ជូងីបានបញ្ជាក់ថា ក្នុងនាមលោកជាមេធាវី បើកូនក្តីរបស់​លោកមិនមកតុលាការ តើលោកការពារអ្វី? សំខាន់សាម៉ីខ្លួនសំខាន់ ដែលត្រូវចូលមកតតាំង ការពារសិទ្ធិរបស់គាត់ តែដល់ថ្ងៃកាត់ក្តី​គាត់បែរមិនយកគាត់មកចូលរួម ដែលនេះគឺជាការរំលោភសិទ្ធិរបស់គាត់។

បើតាមការឱ្យដឹងពីលោក ជួង ជូងី សវនាការនេះគឺជាសវនាការសភាស៊ើបសួរ ដែលមហាជនមិន​ត្រូវបានអនុញ្ញាតឱ្យចូលរួមបានទេ ជាអសាធារណៈ។

«វាជាការប៉ះពាល់សិទ្ធិកូនក្តីយើង​យ៉ាងធ្ងន់ធ្ងរ កាលណាអត់យកកូនក្តីយើងចូលរួម គឺបានន័យថាជាការធ្វើបង្រ្គប់កិច្ចបំពានសិទ្ធិកូនក្តីរបស់​យើង​ ហើយបើយើងចូលគឺជាការបំពានសិទ្ធិកូនក្តី​របស់​យើង​»។​

នារសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ ក៏មានវត្តមាន លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជន គណបក្សកម្លាំងជាតិ ចំនួនប្រមាណ ៣០នាក់ មកតាមដាន សវនការ នៅខាងក្រៅសាលាឧទ្ធរណ៍ ក្រោមការការពារយ៉ាងតឹងរឹង ពីសំណាក់កងសន្តិសុខ សាលាខណ្ឌជ្រោយចង្វារ។

សូមរម្លឹកផងដែរថា លោក ស៊ុន ចន្ទី អាយុ ៤៤ឆ្នាំ ដែលជា​ប្រធានគណបក្សកម្លាំងជាតិ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ចាប់ឃាត់ខ្លួន​ នាព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៤ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដែលការចាប់ខ្លួននេះ ជាការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី៧ ខែឧសភា របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ញុះ​ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វ​ផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លឺព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម។

ភ្លាមៗបន្ទាប់ពីការចាប់ខ្លួននេះ គណបក្ស កម្លាំងជាតិ និង​គណបក្ស ភ្លើងទៀន បាន​ចេញសេចក្តីថ្លែងការណ៍​ផ្សេងគ្នា ដោយ​បា​នសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

សេចក្តី​ថ្លែងការណ៍​បានបញ្ជាក់ថា គណបក្ស កម្លាំងជាតិ ចាត់ទុកការចាប់ខ្លួន លោក ស៊ុន ច​ន្ទី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើ​គណបក្ស កម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅ​ក្នុងប្រទេសកម្ពុជា»។

គណបក្ស កម្លាំងជាតិ បាន​អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែង លោក ស៊ុន ចន្ទី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គ​ណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកម្ពស់សិទ្ធិសេរីភាព និងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

Daily Program

Livesteam thumbnail