មេដឹកនាំពិភពលោក ប្រតិកម្មចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

ក្រោយពេលដែលដំណឹងសោយទិវង្គតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានប្រកាសជាផ្លូវការដោយសន្តអាសនៈ មេដឹកនាំពិភពលោកបានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខនិងសំដែងភាពក្រៀមក្រំទាំងអស់គ្នា។

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) បានមានប្រសាសន៍ថា «ពីទីក្រុងប៊ូណូស អ៊ែរ៉េស (Buenos Aires) មកដល់ទីក្រុងរ៉ូម សម្តេចប៉ាបគឺជាមេដឹកនាំដែលតែងតែនាំមកនូវ សេចក្តីអំណរ និងក្តីសង្ឃឹមដល់ជនក្រីក្របំផុត ហើយជាសម្តេចប៉ាបតែងតែយកចិត្តទុកដាក់នឹងបរិស្ថាន និងធម្មជាតិ»។

អធិការបតីអាល្លឺម៉ង់ដែលនឹងចូលកាន់តំណែងថ្មី លោក ហ្រ្វីដរីស មឺស (Friedrich Merz) បាននិយាយថា «ការសោយទិវង្គតរបស់សម្តេចប៉ាប ធ្វើឱ្យខ្ញុំមានភាពសោកសៅជាខ្លាំង។ សកម្មភាពសម្តេចប៉ាប ដែលត្រូវបានចងចាំបំផុតគឺ ការប្តេជ្ញាចិត្តមិនចេះនឿយហត់របស់ទ្រង់ចំពោះអ្វីដែលជា យុត្តិធម៌ និងការផ្សះផ្សា»។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា​ វុនឌឺឡេយេន ( Ursula von der Leyen) បានផ្ញើសារចូលរួមរំលែកទុក្ខដោយនិយាយថាសម្តេចប៉ាប «បានបំផុសគំនិតមនុស្សរាប់លាននាក់ ជាមួយនឹងការ​ដាក់ខ្លួន​ និងសេចក្តីស្រឡាញ់​ដ៏បរិសុទ្ធសម្រាប់ទុរគតជន»។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា មូឌី (Narendra Modi ) បាននិយាយថា លោកសោកស្តាយ យ៉ាងខ្លាំង ចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប។ លោកបានមានប្រសាសន៍ថា «នៅក្នុងម៉ោងនៃទុក្ខសោក និងការចងចាំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្រចំពោះព្រះសហគមន៍កាតូលិកសកល។ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងត្រូវបានគេចងចាំជានិច្ចថា ទ្រង់ជាពន្លឺនៃក្តីមេត្តា ការដាក់ខ្លួន​ និងសេចក្តីក្លាហានខាងវិញ្ញាណសម្រាប់​មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក»។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាបាណេស ( Anthony Albanese) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិថា ទង់ជាតិទាំងអស់នឹងបង្ហោះ នៅពាក់កណ្តាលបង្គោលនៅលើអគាររដ្ឋាភិបាលនៅថ្ងៃអង្គារ ជាសញ្ញានៃការគោរពចំពោះសម្តេចប៉ាប។ លោក បាននិយាយថា «សម្រាប់គ្រីស្តបរិស័ទ​កាតូលិកអូស្ត្រាលី ទ្រង់គឺជាវីរបុរសនៃក្តីស្រលាញ់ និងជំនឿ»៕

Daily Program

Livesteam thumbnail