មាសនៅកម្ពុជាហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រដល់ជាង៣ពាន់២រយដុល្លារក្នុង១តម្លឹង

ហាងឆេងតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅជាង១សប្តាហ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់៣,២១០ដុល្លារក្នុង១តម្លឹង មានការកើនឡើងជិត២០០ដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីសប្ដាហ៍មុន។

ទោះបីតម្លៃមាសមានការកើនឡើងក៏ពិតមែន តែម្ចាស់ហាងមាសពេជ្រអះអាងថា ចរន្តទិញលក់មាសនៅកម្ពុជានៅតែមានដំណើរការល្អប្រសើរ។ ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យនេះជឿជាក់ថា តម្លៃមាសនៅលើទីផ្សារពិភពលោករួមទាំងកម្ពុជានឹងបន្តឡើងថ្លៃបន្ថែមទៀត ប្រសិនបើស្ថានការណ៍ពិភពលោកនៅតែបន្តតានតឹង ហើយអតិផរណានៅតែហក់ឡើងខ្ពស់។

ហាងឆេងតម្លៃមាសនៅកម្ពុជានៅដើមសប្តាហ៍នេះបានហក់ឡើងថ្លៃរហូតដល់ជាង៣ពាន់២រយដុល្លារក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតម្លៃមាសរបស់កម្ពុជា។ ជាក់ស្តែងបើការអះអាងរបស់ម្ចាស់ហាងមាសពេជ្រ ទីមង្គល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ហាងឆេងមាសនៅក្នុងហាងរបស់លោកត្រូវបានលក់ចេញក្នុងតម្លៃ៣,២១០ដុល្លារក្នុង១តម្លឹង មានការកើនឡើងជិត២០០ដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីសប្ដាហ៍មុន។ ទោះបីតម្លៃមាសហក់ឡើងខ្ពស់ក៏ពិតមែន តែម្ចាស់ហាងរូបនេះអះអាងថា ការលក់គ្រឿងអលង្ការក្នុងហាងរបស់លោកនៅតែមានដំណើរការល្អ ហើយជឿជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នមាសនឹងមិនអាចចុះថ្លៃខ្លាំងនោះទេ។ ផ្ទុយទៅវិញ វាអាចនឹងបន្តឡើងថ្លៃបន្ថែមទៀត ដ្បិតបណ្ដាប្រទេសនានានៅលើពិភពលោកកំពុងទិញមាសចូល ដើម្បីធ្វើជាទុនបម្រុង។

ជុំវិញតម្លៃមាសហក់ឡើងខ្ពស់នេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពនេះសកម្មភាពទិញលក់ និងមាសនៅតែមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែលោកកត់សម្គាល់ឃើញថា អ្នកទិញមាសក្នុងតម្លៃថោកនាពេលកន្លងមកបានចាប់ផ្ដើមយកមាសទៅលក់ចេញវិញ ដើម្បីបានប្រាក់ចំណេញ ខណៈអ្នកផ្សេងទៀត ក៏នៅតែបន្តទិញចូលព្រោះពួកគេសង្ឃឹមថា មាសនឹងបន្តឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច ជឿជាក់ថា នៅក្នុងសប្ដាហ៍នេះ ទីផ្សារមាសនឹងអាចមានការប្រែប្រួលខ្លាំងបន្ថែមទៀត ខណៈប្រធានធនាគារកណ្ដាលអាម៉េរិក និងអ្នកពាក់ព័ន្ធនឹងត្រូវឡើងថ្លែងអំពីគោលនយោបាយហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងប្រាក់ដុល្លារ។

បើតាមលោកបណ្ឌិត ជ័យ តិច គិតមកទល់ពេលនេះ ហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតក្នុងការជួញដូរក្នុងតម្លៃ២,៦៦០ដុល្លារក្នុង១អោន ឬស្មើនឹង៣,២០៤ដុល្លារ នៅក្នុង១តម្លឹង ហើយកំពុងមានទំនោរកើនឡើងបន្ថែមទៀត៕

Daily Program

Livesteam thumbnail