មនុស្ស ២,៤ ពាន់លាននាក់ បង់ការប្រាក់លើបំណុលច្រើន

លោកស្រី លូសា ហ្វុងដេឡូ (Luisa Fondello) មន្ត្រីផ្នែកសហប្រតិបត្តិការអន្តរជាតិជាន់ខ្ពស់នៅ Caritas Europa បាននិយាយថា ឥឡូវនេះ មានមនុស្សប្រមាណជា ២,៤ ពាន់លាននាក់រស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើការបង់ការប្រាក់លើបំណុលសាធារណៈជាងការថែទាំសុខភាព ឬការអប់រំ។

លោកស្រីបានអះអាងថា ដោយសារតែបញ្ហានេះ កិច្ចខិតខំប្រឹងប្រែងនៅក្នុងការកាត់បន្ថយភាពក្រីក្រកំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

លោកស្រីបាន សង្កត់ធ្ងន់ថា ភាពក្រីក្រមិនត្រូវបានកំណត់ដោយការខ្វះលុយ​នោះទេ តែវាក៏រួមបញ្ចូលផងដែរនូវការទទួលបានការអប់រំ ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាធាតុផ្សំជាមូលដ្ឋានចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្ស។

លោកស្រីបន្ថែមថា ប្រសិនបើយើងពិចារណាលើភាពក្រីក្រ ក្នុងន័យទូលំទូលាយនេះ នោះវាច្បាស់ណាស់ថាវិបត្តិបំណុលត្រូវតែស្ថិតនៅជួរមុខនៃរបៀបវារៈរបស់សហភាពអឺរ៉ុប។

វ៉ាទីកង់ញូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងបញ្ហានេះជំហររបស់វ៉ាទីកង់គឺ ប្រែក្លាយបំណុលទៅជាក្តីសង្ឃឹម តាមរយៈដំណោះស្រាយដ៏យុត្តិធម៌ និងមានតម្លាភាព ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់យុត្តិធម៌សង្គម៕

Daily Program

Livesteam thumbnail