ភ្លើងសង្គ្រាមនៅយ៉េមេន ៖ អន្ទាក់ភូមិសាស្ត្រនយោបាយ ក្រោយសមរភូមិក្ដៅរវាង សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់
ការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានបន្តទាញប្រទេសយ៉េមេនឱ្យធ្លាក់ចូលទៅក្នុងអាការៈគ្រុនក្តៅសង្គ្រាមសាជាថ្មី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកគាំទ្រដ៏សំខាន់នៃរដ្ឋាភិបាលយ៉េមេនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានក្លាយជាគោលដៅនៃការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងដ្រូន ពីសំណាក់ក្រុមបះបោរនិកាយស្ហ៊ីអ៊ីត ហ៊ូធី កាលពីថ្ងៃទី៨ ខែកញ្ញា។ ពួកគេវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏ធំ អារ៉ាមកូ និងមូលដ្ឋានទ័ពអាកាស ឃីង ខាលីដ។
យោងតាមអ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោកយ៉ាយ៉ា សារី បានឲ្យដឹងថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបនឹងការវាយប្រហារតាមផ្លូវអាកាសចំនួន ១២១ដង ក្នុងរយៈពេល ៣ថ្ងៃ ពីសំណាក់កងកម្លាំងរីយ៉ាដ ទៅលើខេត្តចាដ ភាគខាងជើង ខេត្តអាល់បៃដា និងម៉ារីប ភាគកណ្តាល និងខេត្តតាអេហ្ស ភាគខាងនិរតីនៃប្រទេសយ៉េមេន ប៉ុន្តែការវាយប្រហារទាំងនេះមិនត្រូវបានបញ្ជាក់ដោយទាហានអារ៉ាប៊ីសាអ៊ូឌីតនោះទេ។
ការវាយប្រហារថ្មីនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតនេះ កើតឡើងចំពេលកកើតឡើងវិញនូវអំពើហិង្សាដែលកាន់តែរីកធំឡើងនៅតាមបណ្តោយព្រំដែនយ៉េមេន ដែលជម្លោះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ រវាងកងកម្លាំងរដ្ឋាភិបាលយ៉េមេន និងក្រុមបះបោរគាំទ្រដោយអ៊ីរ៉ង់។ បទឈប់បាញ់ដ៏ផុយស្រួយដែលបានចូលធរមានចាប់តាំងពីឆ្នាំ២០២២ ក្រោយភាពស្ងប់ស្ងាត់ជិត ៤ឆ្នាំ បានចាប់ផ្តើមបាក់បែកកាលពីខែកក្កដា បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើទីតាំងឈរជើងរបស់រដ្ឋាភិបាលនៅតំបន់ហៃ ភាគខាងត្បូងទីក្រុងអាល់ហូដេអីដា។
សម្រាប់លោក អាលី អាល់អានហ្ស៊ី អ្នកវិភាគនយោបាយអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ឱ្យដឹងថា ការវាយប្រហារថ្មីមកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើអន្តរាគមន៍យោធាតាំងពីឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយ៉េមេន គឺជាភស្តុតាងបង្ហាញពីភាពបរាជ័យ និងការខូចខាតដែលក្រុមហ៊ូធីទទួលបាននៅលើសមរភូមិជាក់ស្តែង។ លោកបានវាយតម្លៃថា សកម្មភាពទាំងនេះមិនមែនជាការបង្ហាញកម្លាំងប៉ុន្មានទេ តែវាជាការប៉ុនប៉ងរបស់ក្រុមឧទ្ទាមដើម្បីប៉ះប៉ូវដល់ការខកចិត្ត ខណៈកងកម្លាំងរដ្ឋាភិបាលស្របច្បាប់កំពុងវាយដណ្តើមយកទីតាំងថ្មីៗមកវិញ។
នៅលើសមរភូមិជាក់ស្តែង ការវាយប្រហាររបស់ក្រុមហ៊ូធីផ្តោតជាសំខាន់នៅជុំវិញទីក្រុងយុទ្ធសាស្ត្រដូចជា ទីក្រុងហៃនៅភាគអាគ្នេយ៍ខេត្តអាល់ហូដេអ៊ីដា និងអាល់ចារ៉ាហ៊ី នៅភាគខាងជើង ដែលការគ្រប់គ្រងតំបន់ទាំងនេះនឹងអាចបើកផ្លូវឱ្យពួកគេឆ្ពោះទៅកាន់ច្រកសមុទ្របាបអាល់ម៉ានដេប។
លោកអាប់ អាល់បារី តាហើ ជាបញ្ញាវន្ត និងជាឥស្សរជនល្បីនៃសារព័ត៌មានយេម៉ែន បញ្ជាក់ថា តំបន់ទាំងពីរនេះគឺជាទ្វារឆ្លងកាត់ទៅកាន់ទីក្រុងអាល់ម៉ូកកា នៅសមុទ្រភាគខាងលិច និងជាខ្សែបន្ទាត់បែងចែករវាងទីក្រុងតាអេហ្ស និងទីក្រុងអាល់ហូដេអ៊ីដា ដែលការគ្រប់គ្រងលើតំបន់ទាំងនេះនឹងកាត់ផ្តាច់ផ្លូវគមនាគមន៍ពីភាគខាងជើងទៅកាន់ទីក្រុងតាអេហ្ស និងអេដេននៅភាគខាងត្បូង។
លោកអាប់ អាល់បារី តាហើ បានសន្និដ្ឋានថា វិវាទនេះបានលើសពីកម្រិតមូលដ្ឋានក្នុងតំបន់ ដោយសារតែវាមានសារៈសំខាន់ខ្លាំងលើការគ្រប់គ្រងច្រកសមុទ្របាបអាល់ម៉ាន់ដេប និងសមុទ្រក្រហម ដែលជាផ្លូវសមុទ្រសំខាន់ តភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។ លោកបញ្ជាក់បន្ថែមថា ការប្រឈមមុខសព្វថ្ងៃមិនអាចត្រូវបានចាត់ទុកដាច់ដោយឡែកពីបរិបទតំបន់នោះទេ ពោលគឺការឡើងកម្រិតសង្គ្រាមនៅប្រទេសយ៉េមេន ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងភាពតានតឹងក្នុងតំបន់ទាំងមូលផងដែរ។
