ភ្នំពេញទទួលគម្រោងសាងសង់ជាង៥០០ក្នុងទុនជាង១ពាន់លានដុល្លារ រយៈពេល១០ខែឆ្នាំនេះ
រយៈពេល១០ខែ ឆ្នាំ២០២៤នេះ រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសទី១របស់កម្ពុជា ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង១ពាន់លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ មន្ទីរជំនាញបានប្រមូលទិន្នន័យក្បាលដីបានចំនួន ៣៥,០៦២ក្បាលដី, ចុះបញ្ជីលើកដំបូងតាមលក្ខណៈ ដាច់ដោយដុំបានចំនួន៨៣ប័ណ្ណ និងបានជំរុញ ការប្រមូលចំណូលពន្ធប្រថាប់ត្រា បង់ចូលថវិកាជាតិចំនួនប្រមាណ២៩០ពាន់លានរៀល ឬស្មើនឹងជាង៧០លានដុល្លារអាម៉េរិក។
លោក ឃួង ស្រេង ចំពោះវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងនោះ សំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៤៤៨កន្លែង និងអគារខ្ពស់ៗ ចំនួន១,៨៤៩ អគារក្នុងនោះ៖ អគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន ១,០៨៨អគារ, អគារកម្ពស់ពី ១០ជាន់ ទៅ១៩ជាន់ មានចំនួន ៤៩១អគារ, អគារកម្ពស់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន ១៤៤អគារ, អគារកម្ពស់ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន ៧៦អគារ, និង អគារកម្ពស់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥០អគារ៕