ភូមិភាគកំពង់ចាមធ្វើ​បូជនីយចរ​បិទឆ្នាំនៃការអធិដ្ឋាន

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានរៀបចំកម្មវិធីដំណើរបូជនីយចរក្រោមប្រធាន៖ « យើងរួមដំណើរជាមួយ សន្ដ អន់ដ្រេ » និងយកសន្តអន់ដ្រេជាមាគ៌ា ដើម្បីបិទឆ្នាំនៃការអធិដ្ឋាន និងត្រៀមខ្លួនបន្ដចូលឆ្នាំនៃមហាករុណាទិគុណ២០២៥ខាងមុខនេះ។

កម្មវិធីនោះណែនាំដោយលោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងមានការចូលរួមពី​លោកបូជាចារ្យ បងស្រី និងគ្រីស្តបរិស័ទដែលមកពីព្រះសហគមន៍នានាក្នុងភូមិភាគប្រមាណ១៦០នាក់ ធ្វើដំណើរពីមណ្ឌលសិស្សស្ថិត​ក្នុង​ស្រុកក្រូចឆ្មារ ទៅកាន់​ព្រះសហគមន៍កាតូលិក សន្ដ យ៉ូសែប (ក្ដុលលើ) ដែលមានចម្ងាយ១០គីឡូម៉ែត្រ។

លោកបូជាចារ្យ ស្ទេផាន សែ សាត ជាអ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា ក្នុងដំណើរបូជនីយចរនេះ អ្នក​បូជនីយេសក៍​​បានអធិដ្ឋានផ្គាំ យកចិត្តទុកដាក់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុមគ្រួសារ សង្គម ប្រទេសជាតិ ព្រះសហគមន៍ និងពិភពលោកទាំងមូល និងរិះគិតអំពី​ដំណើរជីវិតរបស់ខ្លួនជាគ្រីស្តបរិស័ទ។

លោកមានប្រសាសន៍ទៀត​ថា៖ «ក្នុងរយៈពេល២ថ្ងៃនេះ ជាបូជនីយចរនេះ បានរំលឹកអំពីជីវិតជាគ្រីស្តបរិស័ទ ជំនឿផ្ទាល់ខ្លួនដែលខ្លួនឯងបានផ្តល់សក្ខីភាពអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ សក្ខីភាពអំពីវត្តមានរបស់ព្រះអង្គ និងព្រះជន្មរបស់ព្រះអង្គក្នុងជីវិតរបស់គេម្នាក់ៗផ្ទាល់»។

លោកស្រី ហ្វីញ ចាង មកពីព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ បានចែកពីបទពិសោធរបស់ខ្លួនអំពីឆ្នាំអធិដ្ឋានកន្លងមក និងក្នុងដំណើរបូជនីយចរនេះថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ជួយឲ្យគ្រីស្តបរិស័ទចេះ​អធិដ្ឋានរៀងៗខ្លួន និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជួយឲ្យគាត់​មានជំនឿកាន់តែរឹងមាំជាងមុន។

លោកស្រី ចាង បានប្រាប់ទៀតថា គាត់​មិន​គិត​ថាផ្លូវ​ឆ្ងាយ​គាត់​អាច​ធ្វើ​ដំណើរ​បាននោះទេ តែ​ដោយ​ការអធិដ្ឋាន​និង​រួម​ដំណើរ​ជាក្រុម «នាំឲ្យខ្ញុំអាចធ្វើបានក្នុងដំណើរនោះរហូតដល់គោដៅ»។ អ្នកស្រី​បន្ថែមថា ​ការរស់នៅ​ជួបការលំបាកជាច្រើន តែការព្យាយាម​អធិដ្ឋាននឹងទទួលកម្លាំងពីព្រះជាម្ចាស់ក្នុងគ្រប់ពេលវេលា ដើម្បីបម្រើព្រះសហគមន៍របស់ព្រះអង្គ និងលីឈើឆ្កាងរួមជាមួយព្រះយេស៊ូ។

អស់រយៈពេលពេញមួយឆ្នាំ ដែលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានរៀបចំឆ្នាំនៃការអធិដ្ឋានដែលបានចាប់ផ្តើមតាំងពីខែមីនាឆ្នាំ២០២៤កន្លងមកនេះ ដើម្បីជួយឲ្យគ្រីស្តបរិស័ទមានពេលវេលាឈ្វេងយល់ពីការអធិដ្ឋានឲ្យបានច្រើនជាងមុន ជាពិសេសមានពេលវេលាអធិដ្ឋានឲ្យបានច្រើន ដើម្បីត្រៀមខ្លួនឆ្ពោះទៅឆ្នាំមហាករុណាទិគុណនៅឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ៖ ម៉េង ភីឡុង

Daily Program

Livesteam thumbnail