ភាពអត់ឃ្លានរីករាលដាលនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយថា មនុស្សជាង ៣ លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លាននៅភាគឦសានប្រទេសនីហ្សេរីយ៉ា ហើយអង្គការសហប្រជាជាតិបានព្រមានថា សរុបចំនួន ៣០ លាននាក់អាចប្រឈមនឹងហានិភ័យនៅទូទាំងប្រទេស។ ​

កាកបាទក្រហមអន្តរជាតិបានអះអាងថា ប្រជាជនទាំងនោះភាគច្រើនគឺជាកសិករដែលត្រូវបានបង្ខំឱ្យបោះបង់ចោលដីរបស់ពួកគេដោយសារតែអសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់ ហើយដូច្នេះត្រូវបានកាត់ផ្តាច់ចេញពីប្រភពចម្បងនៃការចិញ្ចឹមជីវិតរបស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មាន Fides របស់បុរីវ៉ាទីកង់បានរាយការណ៍ថា កង្វល់ផ្នែកសន្តិសុខកំពុងរារាំងអ្នកចិញ្ចឹមសត្វពីការចូលទៅកាន់តំបន់វាលស្មៅសម្រាប់របរចិញ្ចឹម របស់ពួកគេ និងរារាំងអ្នកនេសាទមិនឱ្យរកត្រីនៅតាមប្រភពទឹកនានានៅក្នុងតំបន់។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ក៏បានលើកការប្រកាសអាសន្នផងដែរ។ FAO បានព្រមានថា ប្រជាជននីហ្សេរីយ៉ាជាង ៣០ លាននាក់អាចប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងអាហារ ហើយកាកបាទក្រហមបានព្រមានថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះតែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាពនោះទេ។

អង្គការនេះបាននិយាយថា អសន្តិសុខស្បៀងនៅក្នុងប្រទេសនីហ្សេរីយ៉ា គឺជារោគសញ្ញានៃបញ្ហាកាន់តែជ្រៅ និងមិនអាចដោះស្រាយបាន ពោលគឺ អំពើហិង្សាជាប់លាប់ដែលបង្កឡើងដោយក្រុមប្រដាប់អាវុធ។ បន្ថែមលើវិបត្តិនេះ កាកបាទក្រហមនិយាយថា គឺជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលជំរុញឱ្យមានការផ្លាស់ទីលំនៅផ្ទៃក្នុងនៅទូទាំងប្រទេស។

ប្រទេសនីហ្សេរីយ៉ាកំពុងជួបប្រទះទាំងគ្រោះរាំងស្ងួតនៅភាគពាយព្យ និងទឹកជំនន់នៅភាគខាងកើត ដោយគ្រោះធម្មជាតិទាំងនេះបាន បំផ្លិចបំផ្លាញតំបន់កសិកម្មរបស់ប្រទេស៕

Daily Program

Livesteam thumbnail