ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាល នៃប្រាសាទអង្គរវត្តទាក់ទាញភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនកុះករ
«សមរាត្រី» នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានលេចរូបរាងឡើងយ៉ាងត្រកាល នៅលើកំពូលប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុលេខ១ របស់ពិភពលោក។
«សមរាត្រី» គឺជាពេលវេលាដែលរយៈពេល «ថ្ងៃ និងយប់មានស្មើគ្នា»។ ទិដ្ឋភាពដ៏សែនអស្ចារ្យដែលព្រះអាទិត្យរះចំកំពូល នៃប្រាសាទអង្គរវត្តនៅពេលនេះ បង្ហាញឱ្យឃើញពីភាពអស្ចារ្យ និងភាពឈ្លាសវៃឥតខ្ចោះផ្នែកវិស្វកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្មប្រាសាទឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរនៃសកលលោក។
នៅព្រឹកថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងកុះករ បានមកជួបជុំគ្នាដោយស្នាមញញឹម ដើម្បីទទួលពន្លឺព្រះអាទិត្យដំបូងដែលរះឡើងចំកំពូលប្រាង្គកណ្ដាល នៃមហាបដិមាករដ៏រស់រវើកនេះ។សូមចូលរួមថែរក្សា និងផ្សព្វផ្សាយពីតម្លៃដ៏មហាសាលនៃបេតិកភណ្ឌដូនតាខ្មែរទៅកាន់ពិភពលោក។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្រ្ត ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែលរយៈពេលពេលថ្ងៃនិងយប់ស្មើគ្នានេះឡើង។
លោកបន្តថា អាចនិយាយបានថាព្រឹត្តិការណ៍មហស្ចារ្យនេះ ប្រហែលជាកើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ នៅលើផែនដីនេះ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ ឬហៅថាសមរាត្រី រយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាប្រមាណជាង៦ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន៥៤១៥នាក់។
សូមញ្ជាក់ថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងកើតមាន ២ដង ក្នុង១ឆ្នាំ គឺនៅខែមីនាម្ដង ក្នុងខែកញ្ញា ម្ដងទៀត៕