ព្រះសហគមន៍​អ្នកលឿង ឆ្លងទ្វារដ៏វិសុទ្ធ​

នៅថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា ព្រះវិហារគ្រួសារដ៏វិសុទ្ធ(អ្នកលឿង) ក្នុងភូមិភាគកំពង់ចាម បានប្រារព្ធអភិបូជាឆ្លង​ទ្វារ​ដ៏​វិសុទ្ធ​ ដែល​ជា​ទីសក្ការដ្ឋាន​មួយសម្រាប់​​ឆ្នាំមហាករុណាទិគុណ​ ក្រោម​អធិបតី​ភាព​របស់​លោក​​បូជាចារ្យ សេរ៉ាល់ វ៉ូសាំង អ្នកទទួលខុសត្រូវនៅព្រះសហគមន៍អ្នកលឿង នាថ្ងៃទី២៦ ខែមករានេះ ដែល​មាន​គ្រីស្តបរិស័ទ​ចូលរួម​យ៉ាង​ច្រើន​កុះករ។

លោកបូជាចារ្យ សេរ៉ាល់ វូសាំង អ្នកទទួលខុសត្រូវព្រះវិហារ​គ្រួសារដ៏វិសុទ្ធបានឲ្យដឹងថា ឆ្នាំព្រះមហាករុណាទិគុណនេះ សម្តេចប៉ាបបានបានរៀបចំដើម្បី​ឲ្យ​គ្រីស្តបរិស័ទធ្វើដំណើរទៅរកសេចក្តីសង្ឃឹម ជាការសង្គ្រោះសម្រាប់យើងនៅលើផែនដីនាពេលបច្ចុប្បន្ននេះ។ ហើយសេចក្តីសង្ឃឹមរបស់យើងជាការជឿ ការផ្ញើជីវិត សេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូ និងខិតខំបំពេញកិច្ចការរបស់ព្រះអង្គក្នុងជីវិតខ្លួនឯង។ 

លោកបានបញ្ជាក់ទៀតថា លោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាមបានសុំឲ្យព្រះសហគមន៍អ្នកលឿងទៅជាកន្លែងមួយសម្រាប់ធ្វើ​បូជនីយចរក្នុងឱកាសឆ្នាំព្រះមហាករុណាទិគុណនេះ ដោយមានមូលហេតុពីរ គឺទីមួយ ព្រះវិហារអ្នកលឿងជាព្រះវិហារមួយធំជាងគេ និងជាព្រះវិហារចាស់ជាងគេក្នុងភូមិភាគកំពង់ចាម ដែលបានបង្កើតតាំងពីឆ្នាំ១៨៦៣។ ទីពីរនោះ​គឺ នៅ​ព្រះវិហារ​គ្រួសារ​ដ៏វិសុទ្ធ​នៃ​ព្រះសហគមន៍​អ្នក​លឿងនេះ មាន​គ្រីស្តបរិស័ទ​បូជា​ជីវិត​ដើម្បី​ជំនឿ​និង​​សេចក្តីសង្ឃឹមរបស់គេ​ជាច្រើននាក់។

លោក​សេរ៉ាល់​ បាន​សំដៅ​ដល់ លោកបូជាចារ្យ សិលា ឡេ ធឿង ឌុង (Le Thuong Dung) បូជាចារ្យភូមិភាគ និងបងប្រុស ដាមីយ៉ាំង ដាំង​ ង៉ុក អាំង (Dang Ngoc An) ក្រុមបព្វជិតគ្រួសារដ៏វិសុទ្ធបាណាម លោកបូជាចារ្យ យ៉ូសែប វឺលីយេស (VULLIEZ Joseph) លោកបូជាចារ្យ ហ្វ្រង់ស័រ ក្លូឌែល (Francois Claulel) និងលោកបូជាចា្យ វ៉ាំងសង់ រ៉ូឡង់ (Vincent Rollin) ដែល​បាន​បម្រើ​និង​បានបូជាជីវិតក្នុងពេលសង្គ្រាម។

លោកបូជាចារ្យ​ទទួល​ខុស​ត្រូវ​បាន​បន្ថែមថា «ដូច្នេះ នៅព្រះសហគមន៍អ្នកលឿងនេះជាដីនៃមរណសាក្សីមួយ»។

ព្រះសហគមន៍​អ្នក​លឿង ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង ដែលមាន​អាយុ​កាល​១៦០ឆ្នាំ​ ហើយ​សព្វ​ថ្ងៃ​មាន​គ្រីស្តបរិស័ទមានគ្រីស្តបរិស័ទ​ចំនួន​១៣០០នាក់ ភាគច្រើនជាអាជីវករ។

លោកបូជាចារ្យ​រូប​នេះ​បន្តទៀតថា ក្នុង​ឱកាស​​ឆ្នាំមហាករុណាទិគុណនេះ ព្រះសហគមន៍​អ្នក​លឿង នឹង​មាន​​កម្មវិធីបូជនីយចររួមជាមួយភូមិភាគ ហើយគ្រីស្តបរិស័ទ​នឹង​ចូលរួម​ក្នុង​ក្រុម​ចំនួន​២ គឺទីមួយ ក្រុមអាននិង​រិះគិតព្រះបន្ទូលប្រចាំ​សប្តាហ៍ និង​ទីពីរ ក្រុមសន្តវ៉ាំងសង់ដឺប៉ូលដើម្បីធ្វើកិច្ចការធម៌មេត្កាករុណា។

នៅ​ក្នុង​វិហារ​លើ​អាសនៈ មាន​រៀបចំ​ជា​ឃ្លា​ព្រះបន្ទូល​ «ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​ខ្ញុំ ហើយ​បើក​ទ្វារ​ឲ្យ ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​រួមតុ​ជា​មួយ​អ្នកនោះ» (វវ ៣,១០)។  លោក​បូជាចារ្យ​សេរ៉ាល់ បញ្ជាក់ថា ​ឃ្លាព្រះបន្ទូលនេះ បញ្ជាក់​អំពី​​បេះដូងរបស់គ្រីស្តបរិស័ទម្នាក់ៗជាទ្វារដ៏វិសុទ្ធ «មិនមែនមានទ្វារតែមួយទេ តែមានទ្វារដ៏វិសុទ្ធរាប់ពាន់ រាប់ម៉ឺន រាប់លាន គឺបេះដូងរបស់យើងទៅជាទ្វារដ៏វិសុទ្ធ ដើម្បីឲ្យព្រះអង្គចូលក្នុងជីវិតរបស់យើង»។

ឆ្នាំមហាករុណាទិគុណ ជា​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​មួយ ដែល​គ្រីស្តបរិស័ទ​ម្នាក់ៗ​អាចទទួល​ពិសោធន៍​ពី​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ឥតព្រំដែន ដែល​ណែនាំ​ឲ្យពួកគេ​អាច​ផ្សះផ្សារ​ជាមួយព្រះជាម្ចាស់​បាន​និង​ទទួល​ការលើក​លែងទោស​ឲ្យរួចពីអំពើ​បាបពេញលក្ខណៈ។

ព្រះសហគមន៍​បាន​កំណត់​យក​ឆ្នាំ​មហាករុណាទិគុណនេះ រៀងរាល់៥០​ឆ្នាំ​ម្តង ហើយ​ក្នុង​ឆ្នាំ​នេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានប្រកាស​បើក​ឆ្នាំ​មហាករុណាទិគុណ​ ក្រោម​ប្រធាន​បទ «បូជនីយេសក៍ឆ្ពោះ​ទៅកាន់សេចក្តីសង្ឃឹម» និង​បាន​បើកទ្វារដ៏វិសុទ្ធនៅទីក្រុងរ៉ូមកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១០២៤ នៅរាត្រីបុណ្យព្រះយេស៊ូប្រសូត ដើម្បី​ឲ្យ​បូជនីយេសក៍​ម្នាក់ៗអាច​ទទួល​ការ​សង្គ្រោះនេះ។ ហើយ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភូមិភាគ​នីមួយៗ​មាន​ទ្វារ​មួយ ដើម្បី​ឲ្យ​គ្រីស្តបរិស័ទ​អាច​ឆ្លង​កាត់ដូច​នៅ​ទីក្រុង​រ៉ូម​ផងដែរ។

ក្នុង​ភូមិភាគកំពង់ចាម លោកអភិបាល សិលា សួន ហង្សលី អភិបាលនៃភូមិភាគ​នេះ បានជ្រើសរើសព្រះសហគមន៍អ្នក​លឿង ឲ្យបង្កើត​ទ្វារសក្ការមួយ​ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​អាច​ឆ្លង​កាត់​បាន ហើយ​លោក​បាន​រៀបចំ​កន្លែង​​ចំនួន​៣ផ្សេងទៀត​ ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​ធ្វើ​បូជនីចរ រួម​មាន​​ ទីមួយព្រះសហគមន៍សន្តយ៉ូសែបក្តុលលើ ទីពីរ​​ព្រះសហគមន៍ក្រចេះ និងទីបី​ព្រះសហគមន៍សន្តយ៉ូហានបាទីស្តប៊ូស្រា (មណ្ឌលគិរី)៕

 

ដោយ៖ ម៉េង ភីឡុង

 

 

Daily Program

Livesteam thumbnail