ព្រះសហគមន៍ទទួលជនភៀសសឹកឲ្យស្នាក់នៅ
លោកបូជាចារ្យជួរ ដាម៉ូ ទទួលខុសត្រូវនៅព្រះសហគមន៍ខ្នាចរមាសក្នុងខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ៧៥គីឡូម៉ែត្រពីទីតាំងជម្លោះនៅព្រំដែនកម្ពុជាថៃ បានឲ្យដឹងថា កាលពីម្សិលមិញនេះ លោកបានទទួលជនភៀសសឹកដើម្បីស្នាក់នៅ ផ្តល់អាហារ និងផ្តល់ការសិក្សាសម្រាប់កុមារនិងយុវជន។
លោកបានប្រាប់ថា ជនភៀសសឹកមកពីខេត្តប៉ៃលិន ស្រុកកំរៀង និងតំបន់ក្បែរព្រំដែនក្នុងខេត្តបាត់ដំបង។ លោកថា ព្រះសហគមន៍ខ្នាចរមាស អាចទទួលមនុស្សបាន៥០នាក់ ដែលបច្ចុប្បន្នមានអ្នកសុំស្នាក់អាស្រ័យចំនួន១៩ ហើយកំពុងធ្វើដំណើរមកបន្ថែមទៀត។
បច្ចុប្បន្ននេះ លោកដាម៉ូ បានឲ្យដឹងថា អាហារជាកត្តាចាំបាច់ក្នុងពេលបច្ចុប្បន្ន ហើយនៅពេលនេះលោកកំពុងស្វះស្វែងរកជំនួយ ដើម្បីទិញអាហារជូនពួកគាត់។
ជាមួយគ្នានេះដែរ ការសិក្សារបស់កុមារតូចនិងយុវជនជារឿងសំខាន់ណាស់ ដែលបព្វជិតរូបនេះ កំពុងស្វែងរកសាលារៀនដើម្បីផ្ញើយុវជននិងកុមារភៀសសឹកបានសិក្សាបន្ត។
លោកថា «ឥឡូវនេះ យើងកំពុងសហការជាមួយសាលារៀនរដ្ឋ ដើម្បីបញ្ជូនពួកគាត់ទៅរៀនបណ្ដោះអាសន្នសិន នៅក្នុងថ្នាក់របស់គេនៅជិតៗនេះសិន»។
ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃ ប្រវែងប្រមាណជាង៥០០គីឡូម៉ែត្រ ត្រូវទទួលរងនូវការបាញ់ប្រហារដោយអាវុធធន់ធ្ងន់ជាច្រើនសាជាថ្មី ដែលបណ្តាលឲ្យប្រជាជនស៊ីវិលកម្ពុជា ត្រូវភៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាព។
ចំពោះភាពតានតឹងនិងក្តីព្រួយបារម្ភនេះ សម្តេចប៉ាបឡេអូទី១៤ បានមានប្រសាសន៍ស្នើសុំឲ្យមានបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី១០ ខែធ្នូម្សិលមិញ។ សម្តេចប៉ាបមានបន្ទូលថា «ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មានអំពីការបន្តជម្លោះនៅតាមបណ្តោយព្រំដែន រវាងប្រទេសថៃ និងកម្ពុជា។ មានជនរងគ្រោះជាច្រើន ទាំងជនស៊ីវិល ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចេញពីលំនៅឋាន។ ខ្ញុំសូមរំលែកទុក្ខដោយការអធិស្ឋានចំពោះប្រជាជនដ៏ជាទីស្រឡាញ់ទាំងនេះ។»
សម្តេចប៉ាបមានបន្ទូលទៀតថា «ខ្ញុំសូមឲ្យភាគីទាំងពីរមានបទឈប់បាញ់បន្ទាន់មួយ និងធ្វើការចរចាឡើងវិញ។»
រហូតមកដល់ពេលនេះ នៅខាងកម្ពុជាមានជនស៊ីវិលស្លាប់ចំនួន១០នាក់ ក្នុងនោះមានទារកម្នាក់ មានអ្នករបួស៦០នាក់ និងមានជនភៀសសឹកចំនួន៥៥៧៤៣គ្រួសារ ស្មើនឹង១៩២១៧៣នាក់៕