ព្រះសហគមន៍មួយនៅចិនតែងតាំងឧបត្ថម្ភក ១៦ រូប នៅថ្ងៃបុណ្យព្រះកាយព្រះគ្រីស្ត
ព្រះសហគមន៍កាតូលិកនៅភូមិភាគហាំងចូវ ក្នុងខេត្ត ចេជាំង ( Zhejiang ) ស្ថិតនៅភាគខាងកើតប្រទេសចិន បានតែងតាំងឧបត្ថម្ភក ចំនួន ១៦ រូប ក្នុងអំឡុងពេលពិធីបុណ្យព្រះកាយព្រះគ្រីស្ត កាលពីថ្ងៃទី ៧ ខែមិថុនាកន្លងទៅថ្មីៗនេះ។
អ្នកដែលត្រូវតែងតាំងជាឧបត្ថម្ភកទាំងអស់មាន ១៣ នាក់ គឺជាអ្នកដែលត្រូវតែងតាំងឡើងវិញ ហើយ៣ រូប គឺជាអ្នកដែលទទួលការតែងតាំងថ្មី។
ពិធីតែងតាំងនេះត្រូវបានរៀបចំយ៉ាងឧឡារឹក ដោយមានអ្នកចូលរួមជាលោកបូជាចារ្យ និង គ្រីស្តបរិស័ទជាច្រើននាក់ ហើយពួកគេបានទទួលលិខិតតែងតាំងហើយនឹងជួយកិច្ចការបម្រើព្រះសហគមន៍ ជាពិសេសគឺបម្រើអាសនៈរយៈពេល៣ឆ្នាំ។
ឧបត្ថម្ភកទាំងនេះ ត្រូវបានគេដឹងថា នឹងធ្វើជាជំនួយការលោកបូជាចារ្យនៅក្នុងការប្រកាសដំណឹងល្អ អប់រំជំនឿ និង កិច្ចការគង្វាលនៅក្នុងព្រះសហគមន៍ផ្សេងៗ។
ក្រៅពីនោះ ពួកគេក៏មានភារកិច្ចពិសេសគឺជួយចែកព្រះកាយដល់អស់គ្រីស្តបរិស័ទដែលពួកគេមានជំងឺ មនុស្សចាស់ជរា ដែលមិនអាចចូលរួមកម្មវិធីថ្វាយអភិបូជាបាន ហើយ ពួកគេក៏ជាអ្នករក្សាចំណងនិងទំនាក់ទំនងរវាងលោកបូជាចារ្យនិងអ្នកជំងឺក៏ដូចជាអស់អ្នកដែលមិនអាចមកព្រះវិហាបាន។
គួររំលឹកថា ព្រះសហគមន៍កាតូលិកភូមិភាគហាំងចូវមានមូលដ្ឋាននៅហាំងចូវ ដែលជាទីក្រុង នៃខេត្តចេជាំង ជាទីក្រុងធំមួយនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ដែលមានទីតាំងនៅភាគនិរតីនៃទីក្រុងសៀងហៃ៕