ព្រះសហគមន៍នៅប៉ាគីស្ថានបើកការប្រកួតកីឡាគ្រីឃីតដើម្បីលើកកម្ពស់សាមគ្គីភាពនិងភាតរភាព

លោកអគ្គអភិបាល ខាលីត រ៉េហ្វមេត (Khalid Rehmat) នៃព្រះសហគមន៍នៅអគ្គភូមិភាគ ឡាហ័រ (Lahore) នៅខែឧសភា នេះបានប្រកាសបើកកម្មវិធីប្រកួតកីឡាគ្រីឃីត ហើយ បានប្រមូលផ្តុំកីឡាករ  វ័យក្មេងឲ្យកសាងស្មារតីជាកីឡាដើម្បីបង្កើនសាមគ្គីភាព និង ភាតរភាព។

មុនពេលការប្រកួតចាប់ផ្តើម លោកបានជួបជាមួយកីឡាករនៅលើទីលាន និងបានថ្លែង លើកទឹកចិត្តដល់ក្រុមនីមួយៗឲ្យរក្សានិងគោរពឲ្យបាននូវសា្មរតីជាអ្នកកីឡា។

ការប្រកួតនេះមានគោលបំណងលើកកម្ពស់ការកម្សាន្តដែលមានសុខភាពល្អក្នុងចំណោមយុវជន និងលើកកម្ពស់សាមគ្គីភាពនៅក្នុងព្រះសហគមន៍ ហើយក្រុមនីមួយៗគឺត្រូវបានទទួលការគាំទ្រនិងការលើកទឹកចិត្តដោយលោកបូជាចារ្យ ដូនជី ក្រុមគ្រួសារ និងថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកនីមួយៗនៅក្នុងអគ្គភូមិភាគ។

លោកអគ្គអភិបាលបានលើកឡើងថា គំនិតផ្តួចផ្តើមបែបនេះកំពុងតែរួមចំណែកដល់ការអភិវឌ្ឍព្រះសហគមន៍ផង និង ជាការពង្រឹងការចូលរួមនិងស្គាល់គ្នានៅក្នុងព្រះសហគមន៍នីមួយៗ។

លោកបានមានប្រសាសន៍ថា ការធ្វើការជាក្រុមនៅលើទីលាននាំឱ្យមានភាពសុខដុមរមនានៅក្នុងសហគមន៍ និងនៅក្នុងព្រះវិហារ ហើយក៏ជាកាលើកទឹកចិត្តយុវជនឱ្យបណ្តុះវិន័យ និងភាពធន់ នឹងភាពហត់នឿយនិងតស៊ូ។

លោកបានបន្ថែមថា កីឡាបង្រៀនយើងឱ្យឈ្នះដោយភាពរាបទាប និងចាញ់ដោយភាពថ្លៃថ្នូរ  ដែលនោះហើយជាទិដ្ឋភាពដ៏សំខាន់នៃជីវិតដែលមានតុល្យភាព។

បងប្រុស សាហ្វាកេត (Shafaqat) ដែលជាកីឡាករម្នាក់ បាននិយាយថា ការប្រកួតនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការកសាងទំនុកចិត្ត និងពង្រឹងមិត្តភាពនៅទូទាំងព្រះសហគមន៍កាតូលិក។

លោកបានមានលើកឡើងថា យើងត្រូវការថ្ងៃដូចនេះ ដែលយើងអាចរីករាយជាមួយធម្មជាតិ និងផ្តោតលើសុខភាព។

ដោយឡែកលោក គ្រីស្តូហ្វ័ ( Christopher) ដែលជាអ្នកទស្សនាម្នាក់ បានបញ្ជាក់ពីអត្ថប្រយោជន៍ខាងរាងកាយ និងផ្លូវចិត្តរបស់កីឡាករដោយបន្ថែមថា នៅ​ក្នុង​សម័យកាល​ដែល​យើង​ជាប់​រវល់​នឹង​អេក្រង់ទូរស័ព្ទ ព្រឹត្តិការណ៍​បែប​នេះ​ជួយ​យើង​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វិញ។

លោកបាន​បន្តថា ការ​ចំណាយ​ពេល​មួយ​ថ្ងៃ​ជាមួយ​បព្វជិត យុវជន និង​អ្នក​កាន់​សាសនា​គឺជា​បទពិសោធន៍​ដ៏​មាន​អត្ថន័យ៕

Daily Program

Livesteam thumbnail