ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០

កំពង់ស្ពឺ​៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

នៅពេលចាប់ផ្តើមពិធីអភិបូជា លោកអភិបាលបានធ្វើពិធីប្រសិទ្ធពរលើរូបសំណាកព្រះនាងម៉ារី នៅលូដ៍ និងរូបសំណាកសន្ត ម៉ាតាំង ដឺ ប៉ូរ៉េស ដើម្បីជាសញ្ញានៃការគោរព និងការរួបរួមជាគ្រួសារតែមួយក្នុងព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យឧបការីនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយសារថ្ងៃនេះត្រូវនឹង ទិវាពិភពលោកសម្រាប់អ្នកក្រីក្រលើកទី១០ នៃព្រះសហគមន៍កាតូលិកទូទាំងសកល ហើយក៏ស្របពេលដែលរាជធានីភ្នំពេញកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមប្រទេសនិយាយភាសាបារាំង ដែលមានប្រទេសចំនួន ៩០ ចូលរួម ក្រោមប្រធានបទ «យើងរួមគ្នាយកចិត្តទុកដាក់កសាងសុខសន្តិភាពសាជាថ្មី ដើម្បីឲ្យពិភពលោករស់នៅក្នុងសេចក្តីសុខ និងសុភមង្គលដ៏ស្ថិតស្ថេរ»។ លោកអភិបាលបានរំលឹកអំពីជីវប្រវត្តិរបស់សន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលមានដើមកំណើតពីទីក្រុងលីម៉ា ប្រទេសប៉េរូ នៅទ្វីបអាមេរិកខាងត្បូង ដោយភ្ជាប់ជាមួយដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ឡេអូ ទី១៤ នៅប្រទេសប៉េរូនាថ្ងៃនេះផងដែរ ព្រោះប្រទេសប៉េរូគឺជាទឹកដីដ៏ពិសេសដែលសម្តេចប៉ាបធ្លាប់បំពេញបេសកកម្មជាសាសនទូតអស់រយៈពេល ២០ ឆ្នាំ និងជាលោកអភិបាលអស់រយៈពេល ៨ ឆ្នាំ។

ជាមួយគ្នានេះ លោកអភិបាលបានដកស្រង់សារលិខិតរបស់សម្តេចប៉ាប ឡេអូ ទី១៤ សម្រាប់ទិវាអ្នកក្រីក្រលើកទី១០ ដែលចោទសួរដាស់តឿនថា៖ «យើងត្រូវការធ្វើដូចម្តេចដើម្បីដាក់ខ្លួន? យើងត្រូវធ្វើដូចម្តេចដើម្បីបង្កើតភាតរភាព ដើម្បីណែនាំឲ្យមនុស្សទាំងអស់នៅក្នុងពិភពលោក រកឃើញសុភមង្គល និងសេចក្តីសុខសាន្ត?» ផ្អែកលើជីវិតរបស់សន្ត ម៉ាតាំង និងព្រះគម្ពីរប្រចាំថ្ងៃនេះ លោកអភិបាលបានចែករំលែកគំរូសំខាន់ៗចំនួន ៤ ចំណុច សម្រាប់គ្រីស្តបរិស័ទយកទៅអនុវត្ត៖ ទី១. ការដាក់ខ្លួនបម្រើគ្នាទៅវិញទៅមក៖ សន្ត​ម៉ាតាំង មិនបានស្វែងរកឋានៈខ្ពង់ខ្ពស់ជាបូជាចារ្យឡើយ តែបានជ្រើសរើសធ្វើជា «បងប្រុស» ក្នុងក្រុមដូមីនីកាំង ដើម្បីដាក់ខ្លួនបម្រើអ្នកជំងឺ អ្នកក្រីក្រ និងចុះជួបកុមារក្រីក្រតាមដងផ្លូវទីក្រុងលីម៉ារៀងរាល់ថ្ងៃអាទិត្យ ដើម្បីប្រកាសអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ។ ទី២. ភាពឧស្សាហ៍ព្យាយាម និងការថែរក្សាអំណោយទាន៖ ផ្សារភ្ជាប់នឹងពាក្យប្រស្នាអំពីប្រាក់ណែនក្នុងព្រះគម្ពីរ លោកអភិបាលបានដាស់តឿនគ្រីស្តបរិស័ទកុំឲ្យខ្ជិលច្រអូស តែត្រូវខិតខំប្រើប្រាស់អំណោយទានដែលខ្លួនមានឲ្យរីកចម្រើន និងបង្កើតផល ដូចសន្តម៉ាតាំង ដែលឧស្សាហ៍ធ្វើការតាំងពីព្រឹកដល់យប់ និងមិនរួញរាក្នុងការកាន់អំបោសសម្អាតទីកន្លែងឡើយ។ ទី៣. ការរស់នៅក្នុងភាតរភាពជាបងប្អូន៖ ក្រៅពីទេពកោសល្យក្នុងការព្យាបាលអ្នកជំងឺ សន្តម៉ាតាំង បានបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ដូចបងប្អូនបង្កើត។

លោកអភិបាលបានអំពាវនាវឲ្យគ្រីស្តបរិស័ទលះបង់ចិត្តអាត្មានិយម ហើយគោរព និងស្រឡាញ់គ្នាទៅវិញទៅមក ដោយដឹងថាមនុស្សគ្រប់រូបសុទ្ធតែជាបុត្រធីតារបស់ព្រះបិតាតែមួយ។ ទី៤. ការអធិដ្ឋានជាប្រភពនៃកម្លាំង៖ ប្រភពដែលធ្វើឲ្យសន្តម៉ាតាំង អាចដាក់ខ្លួន ឧស្សាហ៍ និងស្រឡាញ់បងប្អូនបានរហូតដល់ថ្ងៃមរណភាព គឺការអធិដ្ឋាន។ លោកបានចំណាយពេលរាប់ម៉ោងនៅក្បែរព្រះកាយព្រះគ្រីស្ត និងឈប់អធិដ្ឋានរាល់ពេលដើរកាត់រូបសន្តៈសន្តី។ លោកអភិបាលក៏បានលើកទឹកចិត្តគ្រីស្តបរិស័ទឲ្យរក្សាទម្លាប់អធិដ្ឋានប្រចាំថ្ងៃនៅតាមផ្ទះ ដើម្បីទទួលបានកម្លាំង និងសេចក្តីសង្ឃឹមពីព្រះយេស៊ូគ្រីស្ត។ ព្រះសហគមន៍កាតូលិក ព្រះវិហារសន្តម៉ាតាំស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៃមណ្ឌលសកម្មភាពព្រះសហគមន៍ភ្នំពេញថ្មី ក្នុងភូមិភាគភ្នំពេញ ដែលមានលោកបូជាចារ្យ អន់តូនី ប៊ុន លី ទទួលខុសត្រូវលើ​ព្រះវិហារមួយនេះ៕

ដោយលី សុវណ្ណា

Daily Program

Livesteam thumbnail
khmer popup image