ព្រះសហគមន៍កែវសីមា មាន​ព្រះវិហារ​ហើយ

អស់រយៈពេល​ជិត​១០ឆ្នាំ កិច្ច​ប្រកាសដំណឹងល្អ​របស់​​ព្រះសហគមន៍នៅកែវ សីមាស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី បាន​ចេញជា​រូប​រាង តាមរយៈព្រះវិហារ​ថ្មី​ដែល​អាច​ផ្ទុក​មនុស្ស​បានជាង​១០០នាក់។

ព្រះវិហារ​ដែលមាន​ឈ្មោះថា សន្តយ៉ូសែប កែវសីមា មានទំហំ ៣៦០ម៉ែត្រការ៉េ បាន​ផុស​ឡើង​នៅភូមិ​ស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ជា​ក្តីសង្ឃឹម​របស់​គ្រីស្តបរិស័ទ​ជន​ជាតិ​ដើម​ភាគ​តិ​ចពូណង​នៃ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​។

«ព្រះវិហារ​នេះ​កកើត​ឡើង​ដោយ​មាន​គ្រីស្តបរិស័ទ​ចំនួន​៤រូប​ ហើយ​ពេល​នេះ​មាន​ចំនួន​ជិត​៤០គ្រួសារ ដែល​សុទ្ធសឹងជា​ជន​ជាតិ​ភាគ​តិច​ពូណង»។ នេះ​បើ​តាម​សម្តី​របស់​លោក​បូជាចារ្យ​ផាន បូរី អ្នកទទួល​ខុស​ត្រូវ​ព្រះវិហារ​នេះ មាន​ប្រសាសន៍​នាថ្ងៃទី​២៨ ខែ​មិថុនា​កន្លង​ទៅ​ នាថ្ងៃសម្ពោធ​ព្រះវិហារ។

          លោក​ប្រាប់​ទៀតថា សមទ្ធផលទាំងនេះ កើត​ឡើង​ដោយសារ​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​អស់​លោក​ដែល​បាន​ចូលរួម​ប្រកាសដំណឹងល្អ មានទាំង​គ្រីស្តបរិស័ទ​ លោក​បូជាចារ្យ និង​គ្រូអប់រំជំនឿ​មួយចំនួន ទោះ​បីជា​ផ្លូវលំបាក និង​មានឧបសគ្គយ៉ាងណា​ក៏ដោយ។

                លោកបូជាចារ្យរូបនេះ​បន្ថែមថា សម្រាប់ជន​ជាតិ​ដើម​ភាគ​តិច​ពូណង ភាគ​ច្រើន​ពួកគាត់​ផ្លាស់​ប្តូរ​ជំនឿ​ទាំង​គ្រួសារ ព្រោះ​បើ​មាន​​​មេគ្រួសារ​ម្នាក់​ចូល សមាជិក​ទាំង​អស់​នឹង​ចូល​រួម​ជាមួយគ្នាដែរ។

          ក្នុងពេលនោះ​ដែរ​ លោក​សូម​ថ្លែង​អំណរ​គុណ​ដល់​គ្រីស្តបរិស័ទ​ដែលមាន​ចិត្ត​សទ្ធា​ ផ្តល់​កន្លែង​សម្រាប់​ជួបជុំ និង​ថ្វាយអភិបូជា​កន្លង​មកតាំង​ពី​ឆ្នាំ​២០១៦។

​          មានប្រសាសន៍​ក្នុងធម្មទេសនា ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជាង​៤០០នាក់ នាថ្ងៃដដែលនោះ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម ដែល​ជា​អធិបតី​ប្រាប់​ថា នៅក្នុងព្រះបន្ទូលថ្ងៃនេះ ព្រះជាម្ចាស់នឹងធ្វើឱ្យសេចក្តីសុចរិត និងការសរសើរតម្កើងព្រះជាម្ចាស់ដុះពីលើទឹកដីនៅប្រទេសអ៊ីស្រាអែល ប៉ុន្តែថ្ងៃនេះនិយាយអំពីទឹកដីនៅកែសីមានេះ។

លោកអភិបាល បានបន្ថែមទៀតថា ដូច្នេះ ខ្ញុំសង្ឃឹមថាព្រះវិហារនេះ ទៅជាកន្លែងមួយដែលជួយឱ្យបងប្អូនគ្រីស្តបរិស័ទយើង និងអ្នកភូមិនៅទីនេះ មានឱកាសជួបជុំគ្នា ដើម្បីអធិដ្ឋាន ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលពរដែលមកពីព្រះជាម្ចាស់ និងដើម្បីឱ្យសេចក្តីសុចរិតដុះឡើង។

«សេចក្តីសុច្ចរិតមានន័យថា គឺការរស់នៅបានត្រឹមត្រូវ មានយុត្តិធម៌ មានសេចក្តីសុខសាន្ត មានសន្តិភាព នៅកន្លែងដែលយើងរស់នៅ និងសុំឱ្យមានការលើកតម្កើងព្រះជាម្ចាស់» លោក​បន្ត​ថា ដោយសារសេចក្តីនោះយើងនឹងទទួលពរសម្រាប់ភូមិរបស់យើង សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោកទាំងមូល។

ក្នុងពិធីនេះ​ដែរ ក៏មាន​ពិធី​ប្រទានពរលើជួង ដែល​នេះ​ជា​សញ្ញា​ដាស់ស្មារតី​ឲ្យដឹងថា ពេល​ជួង​បន្លឺឡើង​ជា​ពេល​​ត្រូវ​មក​ព្រះវិហារ។ នេះ​បើ​តាម​លោកអភិបាល​ហង្សលី។​ លោក​បាន​គូស​បញ្ជាក់ថា ព្រះយេស៊ូគង់នៅក្នុងព្រះវិហារ​ ហើយ «ខ្ញុំចង់ឱ្យព្រះវិហារយើងនៅទីនេះ ឱ្យទៅជាកន្លែងមួយដែលណែនាំឱ្យគេស្តាប់ឮ ព្រះបន្ទូលរបស់ព្រះយេស៊ូដែរ»។

លោកអភិបាលបន្ថែមថា ដូច្នេះ ព្រះវិហារគឺជាកន្លែងអប់រំ​បន្ត​ជំនឿ ឲ្យគេ​បាន​ស្គាល់​ព្រះយេស៊ូ​ ជាកន្លែងមួយដែលផ្តល់សេចក្តីសង្ឃឹម។

ជាចុងបញ្ចប់ លោកអភិបាល បានមានប្រសាសន៍ថា យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះវិហារថ្មីរបស់យើង សូមព្រះអង្គជួយណែនាំឱ្យព្រះវិហារនេះជួយឱ្យព្រះសហគមន៍កែវសីមា កាន់តែលូតលាស់ទៅមុខតាមព្រះហឫទ័យរបស់ព្រះអង្គ។

ព្រះវិហារសន្ត​យ៉ូសែប កែវ​សីមា ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ជំនួយ​ឧបត្ថម្ភពី​ព្រះសហគមន៍​នានា​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​អស់​៣០៦៨០០​ដុល្លារ​អាមេរិក៕

 

ដោយ​ ដាំ​ សុដា

 

Daily Program

Livesteam thumbnail