ព្រះសហគមន៍កាតូលិកនៅប៉ាគីស្ថានផ្តល់អាទិភាពដល់ការអប់រំ និងការងារដល់យុវជន
យុវជនត្រូវតែស្ថិតនៅជាមជ្ឈភាព នៃបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសប៉ាគីស្ថាន ពីព្រោះពួកគេតំណាងឱ្យប្រជាជនភាគច្រើននៃប្រទេស និងសហគមន៍គ្រិស្តបរិស័ទ នេះបើយោងតាមលោកអគ្គអភិបាល ចូសេប អាសាដ ( Joseph Arshad) បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកអភីបាលកាតូលិកប៉ាគីស្ថានទៅកាន់ទីក្រុងរ៉ូមថ្មីៗនេះ។
លោកអគ្គអភិបាល បានមានប្រសាសន៍ថា នៅក្នុងប្រទេសប៉ាគីស្ថាន យើងត្រូវតែផ្តោតលើយុវជន។ លោកបានបន្តថា ពួកគេតំណាងឱ្យប្រហែល ៦០ ភាគរយនៃប្រជាជន និងជិត ៦០ ភាគរយនៃសហគមន៍គ្រិស្តសាសនា។
លោកបានមានប្រសាសន៍ថា ការចូលរួមដោយផ្ទាល់ជាមួយយុវជនកាតូលិកបានបង្ហាញពីកង្វល់បន្ទាន់ទាក់ទងនឹងការអប់រំ ការងារ ការណែនាំអាជីព ការបង្កើតជំនឿ និងឱកាសកីឡា។
លោកបានមានប្រសាសន៍ថា “តាមរយៈការប្រាស្រ័យទាក់ទងជាមួយយុវជន ពួកគេបានចាប់ផ្តើមបង្ហាញពីតម្រូវការរបស់ពួកគេ ជាពិសេសទាក់ទងនឹងការអប់រំ និងការណែនាំអាជីព វគ្គសិក្សាព្រះគម្ពីរ និងគំនិតផ្តួចផ្តើមកីឡានានា”។
លោក បានឆ្លើយតបដោយការពង្រីកគំនិតផ្តួចផ្តើមអប់រំដែលមានគោលបំណងជួយយុវជនកាតូលិកបន្តការសិក្សាកម្រិតខ្ពស់ និងកែលម្អឱកាសការងារ។
លោក បានមានប្រសាសន៍ថា “យុវជនត្រូវការការអប់រំ និងការងារ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សហគមន៍ ដែលប្រឈមមុខនឹងភាពក្រីក្រ និងការរើសអើង”។
លោកបានមានប្រសាសន៍ថា នៅ អ៊ីស្លាម៉ាបាត ព្រះសហគមន៍កាតូលិកបានផ្តល់វគ្គសិក្សាទាំងនេះអស់រយៈពេលប្រហែល៥ឆ្នាំមកហើយ ជាមួយនឹងលទ្ធផលគួរឱ្យលើកទឹកចិត្តដើម្បីគាំទ្រដល់និស្សិតសាកលវិទ្យាល័យដែលមកពីតំបន់ឆ្ងាយៗនៅទូទាំងប្រទេស ។
លោកបានមានប្រសាសន៍ថា សម្រាប់អ្នកដែលមិនអាចចូលរៀននៅសាកលវិទ្យាល័យបាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈក៏សំខាន់ដូចគ្នា។