ព្រះសហគមន៍កម្ពុជា​ផ្ញើប្រាក់ដង្វាយ​ជូន​លោកកាឌីណាល់​ឆាលបូ

ក្នុងថ្ងៃបុណ្យបុណ្យគោរពព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក សុក្រពិសិដ្ឋនេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​បាន​បញ្ជូនប្រាក់​ដង្វាយ​ជូនដល់​លោក​កាឌីណាល់​ឆាល បូ ជា​អគ្គអភិបាល​នៃ​ព្រះសហគមន៍​យ៉ាងហ្គូននៃ​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោងតាម​សារលិខិត​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមភាគ​ភ្នំពេញ​ចេញផ្សាយ​នៅថ្ងៃទី​១៨ ខែ​មេសានេះ។

            ក្នុងសារលិខិត​តាង​នាម​ឲ្យ​លោក​អភិបាល​ក្នុងប្រទេស​កម្ពុជា​ទាំង​បីអង្គ លោក​អភិបាល​អូលីវីយ៉េបាន​បញ្ជាក់អំពី​សាមគ្គីភាព​របស់​គ្រីស្តបរិស័ទ​កាតូលិកកម្ពុជា​​ដែលបាន​ចូលរួម​ចំណែក​រំលែកទុក្ខ​សោកនាដកម្ម​​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយដី​កាលពី​ចុង​ខែ​មីនា​កន្លងទៅនេះ។

            ប្រទេស​មីយ៉ាន់ម៉ា​បាន​រង​នូវ​គ្រោះ​រញ្ជួយដី​កម្រិត​៧,៧រ៉ិចទ័រ ដែល​បាន​សម្លាប់មនុស្ស​ជាង​៣០០០នាក់ និង​បណ្ដាលឲ្យមនុស្ស​ជាច្រើន​ពាន់​គ្រួសារ​ខ្វះទីជម្រក​ ម្ហូបអាហារ​ រងរបួស និង​បាត់​បង់​សាច់ញាតិ មិត្តភក្តិ អ្នកជិតខាង​របស់​ខ្លួន​។

            លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យដឹងតាមរយៈសំណេរថា ក្រោយពី​បាន​ទទួល​សារ​អំពាវនាវ​របស់​លោក​កាឌីណាល់​ឆាល​ បូ​​ អំពី​MERCI «នៅថ្ងៃអាទិត្យ បុណ្យហែស្លឹក  យើងខ្ញុំបានរៀបចំការប្រមូលប្រាក់តង្វាយពិសេសមួយ ដើម្បីបង្ហាញពីសាមគ្គីភាពជាក់ស្តែងរបស់យើងខ្ញុំជាមួយព្រះសហគមន៍កាតូលិក និងប្រជាជននៅប្រទេសមីយ៉ាន់ម៉ា។»

            ថ្ងៃបុណ្យ​ហែស្លឹក​ គឺ​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា​ដែល​បុណ្យលើកតម្កើងទុក្ខលំបាករបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត​។ ក្នុង​ថ្ងៃនោះ​ ព្រះសហគមន៍​បាន​រៃអង្គាស​ប្រាក់​ដង្វាយ​នៅ​តាម​ព្រះសហគមន៍​នីមួយៗ ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​មីយ៉ាន់ម៉ា។

ក្នុង​លិខិត​ដដែល​បាន​ឲ្យដឹងថា ​នៅក្នុងឆ្នាំមហាករុណាទិគុណនេះ  ខណៈយើងធ្វើដំណើររួមជាមួយគ្នាឆ្ពោះទៅសេចក្តីសង្ឃឹម  យើងខ្ញុំសូមទូលអង្វរព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ដោយអានុភាពឈើឆ្កាងដ៏វិសុទ្ធរបស់ព្រះយេស៊ូ សូមព្រះអង្គប្រទានពរដល់​លោកកាឌីណាល់ និងប្រជាជនរបស់លោកទាំងអស់ នូវការលួងលោម ការលើកទឹកចិត្ត និងជំនឿមាំមួន ដើម្បីបានរកឃើញពន្លឺតាមរយៈទុក្ខលំបាកនាពេលនេះ។

ប្រាក់​ដង្វាយ​ដែល​ទទួល​បាន​ពី​គ្រីស្តបរិស័ទ​នោះ​ ​មាន​ចំនួន៩០លានរៀល​ ស្មើ​នឹង​​២២.៥០០ដុល្លា​រអាមេរិក ដែល​លោក​អភិបាលអូលីវីយ៉េ​​បាន​បញ្ជាក់​ថា វា«​លើសពី​សេចក្តីរំពឹងទុក»​របស់​លោក។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រាក់នេះ​គឺ​ «ដើម្បីជួយគាំទ្រ បេសកកម្មសង្គ្រោះបន្ទាន់របស់លោកកាឌីណាល់​ នៅក្នុងប្រទេសមីយ៉ាន់ម៉ា»

ព្រះសហគមន៍កាតូលិកនៅកម្ពុជា​មាន​ចំនួន​១០៧ ព្រះសហគមន៍​ ដែលមាន​បីភូមិភាគ រួមមាន​ភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម និងមានគ្រីស្តបរិស័ទ​ប្រមាណ​ជាង​២ម៉ឺននាក់៕

 

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail