ព្រះវិហារ Notre-Dame ស្វាគមន៍ភ្ញៀវទេសចរជាង ៦ លាននាក់

ព្រះវិហារ Notre-Dame នៅទីក្រុងប៉ារីស បានក្លាយជាកន្លែងដែលមានអ្នកមកទស្សនាច្រើនបំផុតក្នុងប្រទេសបារាំង ចាប់តាំងពីបានបើកទ្វារឡើងវិញកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីអគ្គីភ័យកើតឡើងនៅក្នុងឆ្នាំ ២០១៩។
ព្រះវិហារកាតូលិកដ៏ចំណាស់នេះ ត្រូវបានគេដឹងថា អាចទទួលបានការចូលមកទស្សនាពីសំណាក់គ្រីស្តបរិស័ទនិងអ្នកទេសចរសរុបរហូតដល់ទៅជា ៦ លាននាក់ ។
ព្រះវិហាបុរាណនេះ បានរងសោកនាដកម្មដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានជួសជុលឡើងវិញព្រោះ ទីនោះជានិមិត្តសញ្ញាសាសនា សំណង់ស្ថាបត្យកម្ម និងវប្បធម៌។
ក្រោយគ្រោះអគ្គីភ័យសំណង់បុរាណនេះបានបន្សល់ទុកនូវការខាតបង់ដែលមិនអាចគណនាបាន ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ អាសនៈនៃព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៅទីនោះមិនរងការខូចខាតទេ ហើយស្នាដៃសិល្បៈទាំងអស់ដែលដាក់នៅក្នុងព្រះវិហារ រួមទាំងសារីរិកធាតុដែលតម្កល់នៅទីនោះក៏ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់កន្លែងមានសុវត្ថិភាព។
៥ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ទ្វារព្រះវិហារត្រូវបានបើកម្តងទៀត ដែលបង្ហាញពីការចាប់ផ្តើមថ្មីសម្រាប់ព្រះវិហារដែលបានស្ដារឡើងវិញ។
ក្នុងឱកាសនោះ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានហៅព្រះវិហារ Notre-Dame ថាជា “ស្នាដៃនៃជំនឿ និងស្ថាបត្យកម្មរបស់គ្រីស្តបរិស័ទ” ដោយបញ្ជាក់ថា ជាមួយនឹងការបើកដំណើរការឡើងវិញ “ភាពសោកសៅ និងការកាន់ទុក្ខ” បានផ្តល់ភាពរីករាយ។
ចាប់តាំងពីការបើកដំណើរការឡើងវិញ គ្រីស្តបរិស័ទនិងអ្នកធ្វើធម្មយាត្រាក៏ដូចជាអ្នកទេសចរណ៍បានសម្រុកមកកាន់ព្រះវិហារនេះជាបន្តបន្ទាប់ ដោយនៅក្នុងមួយថ្ងៃៗមានរហូតដល់ទី ២៩.000នាក់។
កាសែតបារាំង La Tribune Dimanche បានរាយការណ៍ថា ក្នុងរយៈពេល៦ខែចាប់តាំងពីការបើកដំណើរការឡើងវិញ អ្នកទេសចរសរុបចំនួន ៦,០១ លាននាក់បានមកទស្សនានៅទីបុរាណដ្ឋាននេះ៕
Daily Program
