ព្រះមហាក្សត្រកម្ពុជា រាជអំពាវនាវឲ្យមានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកាន់តែខ្លាំងឡើងចំពោះមនុស្សវ័យចាស់ និងប្រជាពលរដ្ឋងាយរងគ្រោះ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានរាជអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ រួមសហការគ្នាយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់មនុស្សវ័យចាស់ មនុស្សចាស់ជរា ជនពិការ ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ដើម្បីធានាថាពួកគាត់ទទួលបានអាហារ ការថែទាំ និងជម្រកសមរម្យនៅក្នុងសហគមន៍របស់ពួកគាត់។

រាជអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុង ព្រះរាជសារ នាឱកាសប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលត្រូវបានរៀបចំឡើងជាងរៀរាល់ឆ្នាំនៅថ្ងៃទី ១ ខែតុលា។

នៅក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងបានចូលរួមជាមួយប្រជារាស្ត្រខ្មែរ ក្នុងការប្រារព្ធពិធីទាំងពីរនេះ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតម្លៃ សេចក្តីថ្លៃថ្នូរ សិទ្ធិ និងតួនាទីរបស់មនុស្សវ័យចាស់នៅក្នុងសង្គម ព្រមទាំងបង្ហាញពីការដឹងគុណ និងកតញ្ញុតាធម៌ចំពោះវីរជនជំនាន់មុន ដែលបានបន្សល់ទុកនូវចំណេះដឹងដ៏មានតម្លៃ និងបានជួយកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ព្រះមហាក្សត្របានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាទាំងពីរនេះមានសារៈសំខាន់ជាពិសេសសម្រាប់ជនជំនាន់ក្រោយ ក្នុងការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការគោរព ការថែទាំ និងការជួយឧបត្ថម្ភគាំទ្រដល់ឪពុកម្តាយ ជីដូនជីតា និងសមាជិកគ្រួសារដែលមានវ័យចាស់ ដែលបានរួមចំណែកយ៉ាងធំធេងតាមរយៈការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រដៅកូនចៅជំនាន់ក្រោយ។

ព្រះអង្គបានកត់សម្គាល់បន្ថែមថា មនុស្សវ័យចាស់ក៏ជាប្រភពធនធានចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដោយពួកគាត់បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗ និងបានជួបប្រទះនូវព្រឹត្តិការណ៍សំខាន់ៗ ប្រពៃណី និងទំនៀមទម្លាប់វប្បធម៌នៅក្នុងសហគមន៍របស់ពួកគាត់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានរាជអំពាវនាវបន្ថែមដល់អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យរួមដៃគ្នា ដើម្បីធានាថាមនុស្សវ័យចាស់ ជនពិការ ប្រជាពលរដ្ឋក្រីក្រ និងជនដែលគ្មានទីពឹង ទទួលបានអាហារ ការថែទាំ និងជម្រកសមរម្យគ្រប់គ្រាន់នៅក្នុងសហគមន៍រៀងៗខ្លួន។

ព្រះអង្គបានប្រកាសណែនាំថា ផ្អែកលើស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន មជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់អាចត្រូវបានបង្កើតឡើង ឬអាចប្រើប្រាស់វត្តអារាម និងគ្រឹះស្ថានសាសនាដែលមានស្រាប់ ដើម្បីផ្តល់ជម្រក អាហារ និងការគាំទ្រចាំបាច់ដល់អ្នកដែលត្រូវការជំនួយ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីសេចក្តីដឹងគុណ កតញ្ញុតាធម៌ សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ព្រមទាំងជួយថែរក្សាតម្លៃគ្រួសារ សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាមគ្គីភាពសង្គមនៅក្នុងសង្គមកម្ពុជា។

ព្រះមហាក្សត្របានសម្តែងនូវព្រះរាជសង្ឃឹមយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកក្នុងការកសាងសង្គមមួយ ដែលប្រជាជនគ្រប់ជំនាន់អាចរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ ហើយបានអំពាវនាវឲ្យស្មារតីនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕

Daily Program

Livesteam thumbnail
khmer popup image