ព្រឹត្តិការណ៍ "Gumball 3000 Rally in Cambodia” នឹងធ្វើឡើង​ពីថ្ងៃទី១៥-១៧ ខែកញ្ញា

ដោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយ ផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍ "Gumball 3000 Rally in Cambodia” ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹងស្តីពីព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ​ មានការចូលរួមពីរថយន្តប្រណិតៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលល្បីៗ ដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និង តារាល្បីៗប្រមាណ២៥០នាក់មកពីជុំវិញពិភពលោក ដែលនឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

ក្រុមរថយន្តនេះនឹងចាកចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំនៃដំណើរកម្សាន្តរបស់ក្បួនរថយន្ត Gumball 3000 និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ "ទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍លើកឡើងដែរថា ព្រឹត្តិការណ៍ Gumball 3000 Rally នឹងមានរៀបចំកម្មវិធី (១) ប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បៈករខ្មែរល្បីៗនៅកម្ពុជា រួមជាមួយតារាល្បីៗលំដាប់ពិភពលោក របស់ Gumball 3000 (២) ព្រឹត្តិការណ៍រអង្គាសថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

និង (៣) ព្រឹត្តិ​ការណ៍បំបែកឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Records) តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ នឹងមានការផ្សព្វផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍បាយ័ន និង ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ជាច្រើនជុំវិញពិភពលោក។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានប្រកាស​អញ្ជើញអ្នកគាំទ្ររថយន្តទំនើបៗគ្រប់ប្រភេទនៅកម្ពុជា និង បណ្តាប្រទេសនានា ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដើម្បីជាការ រួមចំណែករៃអង្គាស់ថវិកាបរិច្ចាគជួយដល់កុមារកម្ពុជា ក៏ដូចជាចូលរួមបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា និង ជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខ៕​

Daily Program

Livesteam thumbnail