ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១២ ប្រធានបទ សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត
លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ គ្រោងនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ប្រធានបទ៖ «សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត» ដើម្បីជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការលើកឡើងបែបនេះរបស់ លោក គឹម ពីនន់ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណអគារ Elysée)។ សន្និសីទនេះមានការចូលរួមពី លោក សុទ ឫទ្ធី គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ហុក សុទ្ធិ គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក រុំ រដ្ឋា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងអ្នកសារព័ត៌មានជាច្រើនរូប។
លោក គឹម ពីនន់ បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំទី១២ ហើយដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន បានរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥ នៅកម្ពុជា។ កម្មវិធីពិព័រណ៍ដំណើរការណ៍ទៅបានយ៉ាងរលូនដោយមានការចូលរួមឧបត្ថម្ភគាំទ្រ និងកិច្ចសហការយ៉ាងល្អពីសំណាក់អ្នកធ្វើការពាក់ព័ន្ធវិស័យសៀវភៅសមាគម អង្គការNGOS សង្គមស៊ីវិល ក្រុមហ៊ុន សាកលវិទ្យាល័យ អាជ្ញាធរដែនដី និងអ្នកសារព័ត៌មានផងដែរ។
លោក គឹម ពីនន់ បានបន្ដថា គោលបំណងនៃការរៀបចំពិព័រណ៍សៀវភៅលើកទី១២ រួមមាន៖
១៖ ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស
២៖ ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់ យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សា និងការងារ
៣៖ បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ
៤៖ គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក
៥៖ លើកទឹកចិត្តកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។
រីឯលោក សុខ ឫទ្ធី បានបន្ដថា ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា នឹងមានអ្នកចូលរួមគាំទ្រពិព័រណ៍បានច្រើនជាងឆ្នាំមុនៗ មិនក្រោម ១០ម៉ឺននាក់ឡើយ ពីសំណាក់សាធារណជន ជាពិសេសយុវជន អាណាព្យាបាល សិស្សនិស្សិត ដើម្បីលើកស្ទួយ និងពង្រឹងការអាននៅកម្ពុជាកាន់តែច្រើន។
ចំណែកឯលោក ហុក សុទ្ធិ បានបន្ថែមថា បើគិតពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៍សៀវភៅកម្ពុជា បានទទួលការគាំទ្រពីសាធារណជន ពិសេសយុវជន កាន់តែច្រើនឡើងៗហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការងារ។
សកម្មភាពនៃការរៀបចំពិព័រណ៍សៀវភៅខាងមុខនេះ មានដូចជា៖ ការដាក់តាំងសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារ នានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស), វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក,ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ, ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ចាប់ផ្តើមអំណាន ពីដំណាក់កាលដំបូងនៃជីវិត (រួមទាំងអំណានថ្នាក់ដំបូង), ការចួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ និងការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗជាច្រើន៕