ពិធី ចាប់ត្រីតាមបែបបូរាណ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងរៀបចំធ្វើនៅដើមខែកុម្ភៈ

លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ រួមមានមន្ត្រីរាជការរដ្ឋបាលខេត្ត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រធានសហគមន៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងគោលបំណង ដើម្បីពិនិត្យលើ ស្ថានភាពទឹក និងបរិមាណត្រី ក្នុងបឹងត្រពាំងក្រម សម្រាប់បម្រើដល់ការរៀបចំពិធី «ចាប់ត្រីតាមបែបបូរាណ» នៅបឹងត្រពាំងក្រម និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ការរៀបចំទីតាំង សម្រាប់ទទួលភ្ញៀវទេសចរដែលនឹងមកចូលរួមយ៉ាងកុះករ ដែលពិធីចាប់ត្រីនេះគ្រោងនឹងប្រារព្ធធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។

លោក ប៉ែន កុសល្យ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការរៀបចំចំណតយានយន្ត និងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ការរក្សាបាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណ ដោយប្រើប្រាស់តែឧបករណ៍ច្នៃពីប្ញស្សីដូចជា អង្រុត ឈ្នាង និងត្រក ហើយហាមដាច់ខាតការប្រើឧបករណ៍ទំនើប ឬល្មើសច្បាប់ គឺជាការបង្ហាញពីតម្លៃនៃវប្បធម៌ និងការចេះរស់នៅចុះសម្រុងជាមួយធម្មជាតិរបស់ដូនតាយើង។

បឹងត្រពាំងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹងជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចម្អិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ៕

 

Daily Program

Livesteam thumbnail