ពិធីអភិបូជាដ៏ឧឡារិក នៅព្រះសហគមន៍កាតូលិក សន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា
ព្រះសហគមន៍កាតូលិក ព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា បានប្រារព្ធពិធីអភិបូជាយ៉ាងឧឡារិកនាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៥ ក្រោមអធិបតីភាពរបស់ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ពិធីដ៏សំខាន់នេះរួមមាន៖ -បុណ្យរំលឹកសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ដែលជាឧបការីនៃព្រះសហគមន៍នៅចំប៉ា។ -បុណ្យគោរពព្រះនាងម៉ារី គ្មានជំពាក់បាប។ -អភិសេកតុសក្ការៈថ្មី និងអាងជ្រមុជទឹក។ -អគ្គសញ្ញាលាបថ្ងាស សម្រាប់បេក្ខជន បេក្ខនារីចំនួន ៣០ នាក់។ ក្នុងធម្មទេសនា លោកអភិបាលអូលីវីយ៉េ បានដាស់តឿនគ្រីស្តបរិស័ទទាំងអស់ឱ្យត្រៀមខ្លួនទទួលព្រះយេស៊ូ ដែលនឹងយាងមក៖ ១. ការត្រៀមរៀបចំខ្លួន និងសេចក្តីសង្ឃឹម៖ លោកបានរំឭកថា លោកយ៉ូហានបាទីស្ត បានអញ្ជើញយើងឱ្យរៀបចំជីវិតផ្ទាល់ខ្លួន ដើម្បីទទួលព្រះអង្គយាងមក។ ព្រះបន្ទូលរបស់ព្រះបានណែនាំយើងតាមរបៀបពិសេស ហើយសេចក្តីសង្ឃឹមដែលយើងទទួលបាន គឺជាសេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។ សេចក្តីសង្ឃឹមនេះ គឺសម្រាប់អ្នកដែលបាត់បង់អ្វីៗទាំងអស់ ជនគ្មានទីពឹង អ្នកក្រីក្រ ក៏ដូចជាសម្រាប់យើងផ្ទាល់ផងដែរ។ ព្រះអម្ចាស់ជាអ្នកសង្គ្រោះជីវិត គឺជាសេចក្តីសង្ឃឹមរបស់យើង។ ទោះបីយើងខ្វះខាតវត្ថុលោកិយ៍ ក៏យើងមានព្រះជាម្ចាស់គង់នៅជាមួយដែរ។ ព្រះបន្ទូលរបស់ព្រះអង្គ បានលួងលោមចិត្តយើង និងផ្តល់កម្លាំងចិត្តឱ្យយើងចេះស៊ូទ្រាំ។ ២. កម្លាំងចិត្តពីព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីមានកម្លាំងបន្តទៅមុខទៀត លោកអភិបាលបានអំពាវនាវដល់បងប្អូន ៣០ រូបដែលទទួលអគ្គសញ្ញាលាបថ្ងាស និងគ្រីស្តបរិស័ទទាំងអស់ ឱ្យរំឭកដល់អំណោយទានទាំង៧ របស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងណែនាំយើង ជាពិសេសឱ្យស្គាល់ និងគោរពព្រះជាម្ចាស់។ ៣. ភាពពិសិដ្ឋនៃតុសក្ការៈថ្មី៖ លោកអភិបាលបានប្រទានព្រះពរលើតុសក្ការៈថ្មីនេះ សម្រាប់ថ្វាយអភិបូជា គឺនំប៉័ងទៅជាព្រះកាយ និងស្រាទៅជាព្រះលោហិតរបស់ព្រះយេស៊ូ។ ធាតុរបស់សន្តីមៀរីយ៉ាម ប៉ាវ វ៉ាឌី (នៃព្រះយេស៊ូលើឈើឆ្កាង) ត្រូវបានតម្កល់ក្នុងតុសក្ការៈនោះ។ សន្តីរូបនេះបានជួបព្រះជាម្ចាស់ក្នុងការត្រាស់ហៅរបស់គាត់មុនពេលស្លាប់នៅអាយុ ៣៣ ឆ្នាំ។ ធាតុនេះមកពីទឹកដីកំណើតរបស់ព្រះយេស៊ូ។ លោកអភិបាលបានដកស្រង់សម្តីរបស់គាត់ថា៖ «កន្លែងណាមានចិត្តធម៌ មេត្តាករុណា និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ កន្លែងនោះព្រះជាម្ចាស់គង់នៅ»។ លោកអភិបាលអូលីវីយ៉េ បន្តថា សេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ គឺជាអំណោយទានពិសេសដែលនាំឱ្យយើងមានភាពឆ្អែត មានអំណរ និងមានកម្លាំង ដោយសារតែយើងមានព្រះជាម្ចាស់គង់នៅជាមួយ។ លោកក៏បានរំឭកថាតាមរយៈសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ដែលខិតខំប្រកាសដំណឹងល្អ នាំឱ្យយើងមានសេចក្តីក្លាហាន ជាអំណោយទានពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះនាងម៉ារីដែលគ្មានជំពាក់បាប ជាអ្នកបម្រើ និងធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ ដែលជាកម្លាំងឱ្យយើងត្រៀមខ្លួនទទួលព្រះជាម្ចាស់។ ជាចុងក្រោយ លោកអភិបាលបានលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យរកឃើញសេចក្តីសុខនៅក្នុងដួងចិត្តផ្ទាល់ខ្លួន នៅក្នុងគ្រួសារ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រោះ ព្រះយេស៊ូជាព្រះអម្ចាស់នៃសុខសន្តិភាព៕