ពានរង្វាន់សម្តេចប៉ាបបេណេឌីកទី១៦ ​ឆ្នាំ២០២៤ បានលើជនជាតិអៀរឡង់និងជប៉ុន

វ៉ាទីកង់ញូវបានរាយការណ៍ថា ម្ចាស់ជ័យលាភីពានរង្វាន់សម្តេចប៉ាបបេណេឌីកទី១៦  នៅក្នុងឆ្នាំ២០២៤ បានលើអ្នកទេវវិទូអ៊ែឡង់ គឺ លោក ស៊ិវិល អូ រីហ្គេន (Cyril O'Regan) និងជាងចម្លាក់ជនជាតិជប៉ុន គឺលោក អេស៊ូរ៉ូ សូតូ (Etsurō Sotoo) ។

ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Cardinal Pietro Parolin) នាយករដ្ឋមន្រ្តីរបស់សន្តអាសនៈ កាលពីចុងសប្តាហ៍កន្លងទៅ ។​

លោកកាឌីណាល់បានវាយតម្លៃខ្ពស់នូវស្នារដៃរបស់ម្ចាស់ជ័យលាភីទាំងពិរ ដោយបញ្ជាក់ថា នេះគឺជាស្នាដៃកិត្តិយសដល់កេរ្តិ៍ដំណែលនៃ 'ម្ចាស់នៃក្តីសង្ឃឹមក្នុងគ្រាងងឹត' ដែលបានលើកទឹកចិត្តមនុស្សទូទៅក្លាហានហើយហ៊ាន ប្រឈមមុខនឹងបញ្ហានៃពេលវេលាប្រកបដោយ ជំនឿ និងក្តីសង្ឃឹមដ៏រឹងមាំ ។

លោក ស៊ិវិល អូ រីហ្គេន គឺជាសាស្រ្តាចារ្យ បង្រៀននៅសកលវិទ្យាល័យ Notre Dame ក្នុងសហរដ្ឋអាមេរិក ហើយស្នាដៃដែលលោកជាប់គឺ ការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តរបស់សម្តេចប៉ាបបេណេឌីក ក្នុងការសម្រេចចិត្តបម្រើព្រះជាម្ចាស់តាមរយៈប្រពៃណីរបស់ព្រះសហគមន៍កាតូលិក​ ។

ដោយឡែកជាងចម្លាក់ជនជាតិជប៉ុន អេស៊ូរ៉ូ សូតូ  គឺជាម្ចាស់ស្នាដៃផលិតផលសិល្បៈ ដែលបានដាក់នៅព្រះវិហារ Sagrada Familia នៅទីក្រុងបាសេឡូណា ជាកន្លែងដែលវិចិត្រករបន្តចក្ខុវិស័យមនុស្សជាតិ តាមរយៈស្នាដៃ សិល្បៈដើម្បីទំនាក់ទំនងការពិតខាងវិញ្ញាណ៕

Daily Program

Livesteam thumbnail