ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៥

Tripadvisor នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការពីជ័យលាភីពានរង្វាន់ជម្រើសរបស់អ្នកដំណើរលើTripadvisor៖ កន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥ (Tripadvisor Travelers' Choice Awards: Best of the Best 2025) ហើយក្នុងនោះប្រទេសកម្ពុជា ជាថ្មីម្ដងទៀត ទទួលបានជ័យលាភី និងកិត្តិនាមដ៏ល្អ ក្នុងចំណោមគោលដៅទេសចរណ៍ ដែលល្បីល្បាញបំផុតនៅលើពិភពលោក។

បើតាម Tripadvisor នៅក្នុងប្រភេទពានរង្វាន់ កន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី (Asia Top Attractions) ដែលជាពានរង្វាន់អបអរសាទរគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតប្រចាំទ្វីបអាស៊ី ទាំងជាគោលដៅអច្ឆរិយៈបែបធម្មជាតិ ក៏ដូចជាគោលដៅអច្ឆរិយៈបែបកែច្នៃ ដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរ ដែលធ្លាប់ទៅដល់ផ្ទាល់ ក្នុងនោះប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី ដោយទទួលបានពិន្ទុ ៤.៥/៥ ពីអ្នកដំណើរប្រមាណជាង ៤៩,៣០០ នាក់ នៅលើ Tripadvisor.com។ នេះសបញ្ជាក់ជាថ្មីពីកេរ្តិ៍ឈ្មោះរបស់ប្រាសាទអង្គរវត្ត ដែលជាគោលដៅដ៏សំខាន់ និងចាំបាច់ត្រូវតែមកទស្សនា សម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។

រីឯប្រាសាទបាយ័ន ជាប់ចំណាត់ថ្នាក់លេខ១៧ ដោយទទួលបានពិន្ទុ ៤.៨/៥ ពីអ្នកដំណើរជាង២០,៨០០ នាក់ នៅលើ Tripadvisor.com។

ពានរង្វាន់ជម្រើសរបស់អ្នកដំណើរលើ Tripadvisor៖ កន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥ បញ្ជាក់ពីការវាយតម្លៃខ្ពស់បំផុតនៃភាពល្អឥតខ្ចោះសម្រាប់គោលដៅទេសចរណ៍ជុំវិញពិភពលោក ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់តែតំបន់ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញណាដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អ្នកប្រើប្រាស់ Tripadvisor ក្នុងរយៈពេល១២ខែកន្លងមក។ ក្នុងចំណោមបញ្ជីរាយនាមជាង៨លានកន្លែង នៅទូទាំងពិភពលោក មានកន្លែងតិចជាង១%ប៉ុណ្ណោះ ដែលត្រូវបានជាប់នៅក្នុងពានរង្វាន់នេះ៕

 

Daily Program

Livesteam thumbnail