ប្រមុខការទូតសន្តអាសនៈបំពេញទស្សនកិច្ចប្រាំថ្ងៃនៅហ្វីលីពីន
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋ និងអង្គការអន្តរជាតិ បានធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសហ្វីលីពីន។
ប្រភពដដែលបានបន្តថា លោកអគ្គអភិបាលបានមកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃ ចន្ទ ទី២ ខែកក្កដា ជាកន្លែងដែលលោកបានអញ្ជើញ ចូលរួមប្រារព្ធពិធីទិវាសម្តេចប៉ាប ស្របគ្នានឹងថ្ងៃបុណ្យគោរពសន្តសិលានិងសន្តប៉ូល ដែលប្រារព្ធនៅក្នុងទីក្រុងម៉ានីល។
តាមការគ្រោងទុកដំណើរទស្សនកិច្ចមកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ៥ ខែកក្កដា។
ប្រភពដដែលបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គអភិបាលបាន ចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណង់ ម៉ាកូស បន្ទាប់មកគឺជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo )។
លោកអគ្គអភិបាលនឹងបន្តដំណើរទៅកោះ ម៉ាឡេបេឡៃ ( Malaybalay) ក្នុងតំបន់ភាគខាងជើងកោះមីនដាណាវ ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទរបស់លោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសហ្វីលីពីន៕