ប្រធានអាស៊ានឆ្នាំ២០២៥ ជួបនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព

«ខ្ញុំបានជួបពិភាក្សាជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អានុទិន ឆានវីរគល់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព បន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំងពីរ»។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់ លោក អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ បានផ្សព្វផ្សាយនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្ថែមថា៖ «មេដឹកនាំទាំងពីរបានផ្ដល់មតិស្ថាបនាជាវិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នាដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

លោក អានវ៉ា អ៉ីប្រាហ៊ីម បានអះអាងជាថ្មីពីជំហររបស់ប្រទេសម៉ាឡេស៊ី ចង់ឃើញ មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួកាលពីខែមុន។ ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលផ្លូវឆ្ពោះទៅកាន់សន្តិភាពនេះ។

លោក អានវ៉ា អ៉ីប្រាហ៊ីម បានបន្តថា នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងការកោតសរសើរចំពោះជំហរនិងតួនាទីរបស់ម៉ាឡេស៊ី មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមិត្ត និងជាអ្នកជិតខាងជិតស្និទ្ធ ដែលប្ដេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ។

លោកប្រធានអាស៊ាន បានស្នើឱ្យប្រទេសទាំងពីរ បន្តបង្ហាញនូវការប្ដេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្ដារស្ថិរភាពឡើងវិញនៅតាមបណ្ដោយព្រំដែន សម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនប្រទេសទាំងពីរ»៕

Daily Program

Livesteam thumbnail