ប្រធានព្រឹទ្ធសភាកម្ពុជា សូមកាណាដាបន្តគាំទ្រលើបញ្ហាមីននៅកម្ពុជា
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដោយផ្ទាល់សុំឱ្យកាណាដាបន្តគំាទ្រដល់កម្ពុជាបន្តទៀត ទាក់ទងនឹងបញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
សម្ដេចតេជោ បានមានប្រសាសន៍រំលឹកឡើងផងដែរ កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី កាណាដា នៅរាជធានីភ្នំពេញ ដោយភាគីទាំងពីរបានជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការនានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែលប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥។
យោងតាមខ្លឹមសារនៃជំនួបរវាងសម្តេច ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ៖ «សម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយសម្តេចតេជោក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ»។
នាឱកាសនៃជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមនៅក្នុងអាណត្តិការងាររបស់លោកស្រីថា លោកស្រីនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសម្ដេចតេជោសង្ឃឹមថាលោកស្រីនឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។
លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) បានលើកឡើងដែរថា លោកស្រីនឹងខិតខំដើម្បីឲ្យមានការវិវត្តរីកចម្រើនទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូតកាណាដា បានបញ្ជាក់ថា ៖ «ប្រទេសយើងទាំងពីរ មានប្រវត្តិទំនាក់ទំនងយូរអង្វែង ប្រកបដោយផ្លែផ្កា និងត្រង់ទៅត្រង់មក ហើយកម្ពុជា ជាដៃគូរបស់កាណាដាដែលគួរឲ្យទុកចិត្ត»។
ជាមួយគ្នានោះដែរ លោកស្រីក៏បានប្ដេជ្ញា ធ្វើការរួមគ្នា ជាពិសេសលើបញ្ហាវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកស្រីបានណែនាំឲ្យបណ្ដាក្រុមហ៊ុនវិនិយោគរបស់កាណាដា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធការងារ ជាពិសេសត្រូវធ្វើយ៉ាងណា មានផលប្រយោជន៍ចំពោះប្រជាជនកម្ពុជា៕