ប្រធានបទ៖ បើចង់បានសន្តិភាពមនុស្សម្នាក់ៗចាំបាច់ត្រូវកែប្រែចិត្តគំនិតខ្លួនឯងផ្ទាល់ជាមុនសិន
បកស្រាយដោយ៖ លោក សិលា សួន ហង្សលី អភិបាលឧបត្ថមកៈភូមិភាគភ្នំពេញ
អភិ៖ ហង្សលី៖ ខ្ញុំពិតជាមានការសោកស្តាយខ្លាំងមែនទែន ដោយសារតែថ្មីៗនេះប្រទេសកម្ពុជា និងប្រទេសថៃបានផ្ទុះជំលោះនៅតាមព្រំដែន ដែលធ្វើឲ្យបងប្អូនជាច្រើនត្រូវ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ទទួលរងទុក្ខលំបាកជាខ្លាំង។ បងប្អូននៅក្នុងសាសនានិមួយៗយើងបានខិតខំរៀងៗខ្លួនដើម្បីទូលអង្វរ អធិដ្ឋាន សូត្រធម៌ដើម្បីសុំសន្តិភាពនៅក្នុងប្រទេសយើងផ្ទាល់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល។
បងប្អូនជាទីស្រឡាញ់! អ្វីដែលខ្ញុំចង់មានជាសារផ្តាំផ្ញើទៅបងប្អូននោះគឺ បើយើងចង់បានសន្តិភាពពិតមែន ទី១ យើងម្នាក់ៗត្រូវកែប្រែចិត្តគំនិតរៀងៗខ្លួនឲ្យមានសុខសន្តិភាពជាមុនសិន ប្រសិនបើចិត្តយើងម្នាក់ៗមានសុខសន្តិភាពហើយ ប្រាកដណាស់យើងនឹងអាចកសាងសន្តិភាពបានជាមួយបងប្អូនផ្សេងៗទៀតជាក់ជាពុំខាន មិនថានៅក្នុងសង្គមគ្រួសារ ឬសង្គមជាតិទាំងមូលនោះឡើយ។ អ្វីដែលសំខាន់គឺនៅក្នុងចិត្តរបស់យើងម្នាក់ៗ ព្រោះសុខសន្តិភាពពិតប្រាកដនោះវាហួសពីកំរិតដែលមនុស្សយើងអាចធ្វើបានដោយខ្លួនឯង ហេតុនេះយើងត្រូវពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីឲ្យរឿងនេះកើតមានឡើង។
ហេតុនេះហើយ សូមបងប្អូនដែលមានជំនឿលើសាសនានិមួយៗ ចូលរួមអធិដ្ឋាន ឬធ្វើតាមជំនឿផ្សេងៗ ដើម្បីសុំអង្វរឲ្យព្រះរៀងៗខ្លួនប្រទានឲ្យប្រទេសយើងមានសុខសន្តិភាព។ ជាក់ស្តែងពេលប្រទេសយើងនិងប្រទេសថៃកំពុងតែមានសង្គ្រាមកើតឡើង ឆាប់ទទួលបាននូវសន្តិភាពត្រឡប់វិញ ហើយគ្រប់ភាគីជាថ្នាក់ដឹកនាំរបស់ប្រទេស សូមស្វែងរកគ្រប់វិធីដើម្បីដោះស្រាយគ្នាដោយសន្តិវិធី ក្នុងគោលដៅផ្តល់ក្តីសុខឲ្យប្រជាជនរៀងៗខ្លួន។
ខ្ញុំផ្ទាល់ រួមជាមួយលោកអភិបាលព្រះសហគមន៍កាតូលិកផ្សេងទៀតក្នុងប្រទេសកម្ពុជា យើងបានរួមគ្នាដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រទេសយើងឆាប់បានសុខសន្តិភាពប្រឡប់មកវិញ ជាពិសេសបងប្អូនភាសសឹកឆាប់បានប្រឡប់ទៅភូមិឋាន ផ្ទះសម្បែង ហើយរស់នៅដោយក្តីសុខសាន្ត។ សូមបងប្អូនស្វែងរកសុខសន្តិភាពនៅក្នុងចិត្ត នៅក្នុងគ្រួសារ និងនៅក្នុងសង្គមជាតិទាំងមូល។ អាមែន
ដោយ ឆាក លាំង