ប្រទេសអឺរ៉ុបជាច្រើន ចូលរួម បេសកកម្មយោធានៅហ្រ្គូអេនឡេន
កាលពីថ្ងៃពុធ ទី១៤ ខែមករា លោកអេម៉ានូអេល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបញ្ជាក់ថា ៖ “យោធាបារាំងកំពុងស្ថិតលើផ្លូវធ្វើដំណើររួចហើយ” ដើម្បីចូលរួមនឹងបេសកកម្មយោធាអឺរ៉ុប ដែលរួមមានអាឡឺម៉ង់ និងប្រទេសនៅអឺរ៉ុបខាងជើង ទៅកាន់កោះហ្គ្រូអេនឡេន ដែលជាកោះស្ថិតនៅក្រោមអធិបតេយ្យភាពដាណឺម៉ាកដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បង្ហាញការចង់បាន។
ប្រទេសបារាំង ស៊ុយអែត អាឡឺម៉ង់ និងណ័រវេស បានថ្លែងថា ពួកគេនឹងពង្រាយកម្លាំងយោធានៅក្នុងដែនដីទ្វីបអាកទិកនេះសម្រាប់បេសកកម្មនៃការតាមដាន នៅក្នុងក្របខណ្ឌលំហាត់យោធារបស់ដាណឺម៉ាក ដែលមានឈ្មោះថា “Arctic Endurance” ភាពរឹងម៉ាំតំបន់អាកទិក។
យោងតាមការស្នើសុំពីដាណឺម៉ាក ប្រធានាធិបតីបារាំងសម្រេចចិត្តថា បារាំងនឹងចូលរួមសម្រាប់លំហាត់សមយុទ្ធយោធារួមគ្នាដែលរៀបចំឡើងដោយដាណឺម៉ាកនៅកោះហ្គ្រូអេនឡេន ឬហៅថាប្រតិបត្តិការនៃ “ភាពរឹងម៉ាំតំបន់អាកទិក”។
នៅលើបណ្តាញសង្គមអ៊ិក X ប្រធានាធិបតីបារាំង បានបញ្ជាក់ថា ៖ “កងកម្លាំងយោធាបារាំងដំបូងៗ កំពុងស្ថិតនៅលើផ្លូវរួចហើយ ហើយអ្នកផ្សេងទៀតកំពុងតាមពីក្រោយ។
យោធាបារាំង បានរៀបរាប់ថា ការពង្រាយយោធាបារាំងរួមមានយោធាដែលមកពីអង្គភាពនៃកងកម្លាំងប្រយុទ្ធតាមភ្នំសម្រាប់អាកាសធាតុត្រជាក់ ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនទេ។
បើយោងតាមប្រភពជាច្រើនទាក់ទងនឹងសំណុំរឿង បានឲ្យដឹងថា ក្រុមប្រឹក្សាការពារជាតិបារាំង ដែលដឹកនាំដោយលោកអេម៉ានូអេល ម៉ាក្រុង បានប្រជុំគ្នាដោយមានរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ ព្រមទាំងប្រមុខយោធាផង និងបានរៀបចំឡើងយ៉ាងបន្ទាន់នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា នៅវិមានអេលីហ្ស៉េ។ ក្រុមប្រឹក្សានេះធ្វើការងារចំពោះមុខលើរឿងបាតុកម្មនៅប្រទេសអ៊ីរ៉ង់ដែលត្រូវបានបង្រ្កាបដោយអាជ្ញាធរ និងការគំរាមកំហែងចូលកាន់កាប់កោះហ្គ្រូអេនឡេនដោយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។
ចំណែកក្រសួងការពារជាតិអាឡឺម៉ង់ បានពន្យល់ថា យើងមានគោលបំណងចូលរួមចំណែកខាងយោធាដែលអាចកើតមានជាយថាហេតុ និងសំដៅគាំទ្រដល់ដាណឺម៉ាកនៅក្នុងការធានាសន្តិសុខនៅក្នុងតំបន់ ជាឧទាហរណ៍ នៅក្នុងវិស័យនៃសមត្ថភាពខាងការតាមដានខាងផ្លូវសមុទ្រ។ ក្រសួងការពារជាតិអាឡឺម៉ង បានបញ្ជាក់ដែរថា ការធ្វើដំណើរទៅកាន់ហ្គ្រូអេនឡេននេះ ធ្វើឡើងពីថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃសៅរ៍។
បន្ទាប់ពីមានជំនួបនៅសេតវិមានអាម៉េរិករវាងមេដឹកនាំ ដាណឺម៉ាក់ ហ្គ្រូអេនឡេន និងអាម៉េរិក ឧបនាយករដ្ឋមន្រ្តីហ្គ្រូអេនឡេន បានបញ្ជាក់ថា នៅពេលមុខប៉ុន្មានថ្ងៃ កងកម្លាំងណាតូបន្ថែមទៀតនឹងមានវត្តមាននៅកោះហ្គ្រូអេនឡេន។ លោកមូតេ អេហ្សឺដេ ដោយលើកឡើងអំពីការធ្វើសមយុទ្ធ បាននិយាយដែរថា ទាហានណាតូ នឹងត្រូវមានវត្តមានបន្ថែមនៅកោះហ្គ្រូអេនឡេនពីថ្ងៃនេះ និងនៅប៉ុន្មានថ្ងៃខាងមុខ។ ចំនួនកើនឡើងដ៏ច្រើននៃការហោះហើរ និងការធ្វើនាវាចរណ៍ខាងយោធា ក៏ត្រូវរំពឹងថា មានឡើងផងដែរ។
ការពង្រាយកម្លាំងត្រូវបានប្រកាសឡើងបន្ទាប់ពីមានជំនួបកាលពីថ្ងៃពុធ នៅសេតវិមានអាម៉េរិករវាងរដ្ឋមន្រ្តីក្រសួងការបរទេសដាណឺម៉ាក លោកឡា លូកកេ រ៉ាសមូសេន និងមន្រ្តីអាម៉េរិក។ រដ្ឋមន្រ្តីដាណឺម៉ាក បានថ្លែងថា វាច្បាស់ណាស់ថា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តប្រាថ្នាដណ្តើមយកកោះហ្គ្រូអេនឡេន។
ចំណែកលោកដូណាល់ ត្រាំ បាននិយាយនៅពេលឆ្លើយតបសំណួរអ្នកកាសែតថា សហរដ្ឋអាម៉េរិកចង់បានកោះហ្គ្រូអេនឡេនគឺដើម្បីធានាសន្តិសុខពួកគេ ប៉ុន្តែនិយាយថា លោកបានគិតអំពីដំណោះស្រាយមួយទៀតដែលនឹងអាចស្វែងរកឃើញពាក់ព័ន្ធនឹងកោះយុទ្ធសាស្រ្តដ៏ធំសម្បើមនេះ។