ប្រទេសហៃទីបង្ហាញនូវសេចក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតប្រធានាធិបតី

ប្រទេសហៃទីកំពុងរៀបចំផែនការ ដោយសង្ឃឹមថា នៅទីបំផុតខ្លួននឹងអាចរៀបចំការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែអ្វីៗទាំងអស់គឺអាស្រ័យលើថាតើច្បាប់ និងសណ្តាប់ធ្នាប់អាចត្រូវបានស្ដារឡើងវិញបានឬយ៉ាងណា ខណៈក្រុមក្មេងទំនើងនៅតែមានឥទ្ធិពល។
មេដឹកនាំថ្មីនៃក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល លោក ហ្វ្រីត អាលហ្វូន ជេន (Fritz Alphonse Jean ) បានគូសបញ្ជាក់អំពីទំហំដ៏ធំនៃបញ្ហាបណ្តាលមកពីក្រុមក្មេងទំនើងតាមដងផ្លូវ ដែលបានបើកការវាយប្រហារមួយទៀតលើរដ្ឋធានី ប៉័អូប្រាង (Port Au Prince) ក្នុងសប្តាហ៍កន្លងទៅនេះ។
សម្ព័ន្ធភាពឧក្រិដ្ឋកម្មគ្មានច្បាប់នេះ គ្រប់គ្រង៨៥ភាគរយនៃរដ្ឋធានីរួចហើយ ហើយព្យាយាមពង្រីកវាបន្ថែមទៀត។
លោក ជេន បានព្រមានយ៉ាងខ្លាំងថា ប្រទេសរបស់យើងកំពុងមានសង្គ្រាម ហើយយើងត្រូវរួបរួមគ្នាដើម្បីឈ្នះវា។
នៅពេលនេះប៉ូលីសអន្តរជាតិបានត្រូវបញ្ជូនជាបន្តបន្ទាប់ទៅកាន់រដ្ឋធានីនៃប្រទេសនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថានភាពមិនច្បាស់លាស់ដោយសារតែគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ( William Ruto) បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានធានានៅក្នុងពេលសន្ទនាតាមទូរស័ព្ទថា ប្រទេសទាំងពីរគឺ ប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជួយហៃទី។
ចាប់តាំងពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២១មកដល់ពេលនេះ ប្រទេសហៃទីបានធ្លាក់នៅក្នុងស្ថានភាពគ្មានសណ្តាប់ធ្នាប់ ខណៈដែលក្រុមបងធំអុកឡុកពេញប្រទេស៕
Daily Program
