ប្រទេសប៉ាគីស្ថានបានវាយប្រហារសាជាថ្មីលើទីក្រុងកាប៊ុលរដ្ឋាភិបាល​អាហ្វហ្គាសនីស្ថាន ចោទប្រកាន់ប៉ាគីស្ថានថា បានសម្លាប់ជនស៊ីវិល

កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ប្រទេសប៉ាគីស្ថានបានវាយប្រហារទម្លាក់គ្រាប់លើទីក្រុង​កាប៊ុល។ រដ្ឋាភិបាលអាហ្វហ្គាសនីស្ថានបានចោទប្រកាន់ប្រទេសនេះថា បានសម្លាប់ជន​ស៊ីវិល​ជាច្រើននៅក្នុងមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំ។ មានមនុស្សរាប់សិបនាក់ បាន​ស្លាប់ និងរងរបួសនៅ​ចំកណ្តាលសំណល់បាក់បែក។ ទីក្រុងឥស្លាមម៉ាបាត បានបញ្ជាក់ថា ខ្លួនបាន​វាយប្រហារលើ​គោលដៅយោធា និងក្រុមភេរវករ។

បើយោងតាមអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានបារាំង បានឲ្យដឹងថា នៅប្រមាណជាម៉ោង ២១ យប់ ម៉ោងក្នុងតំបន់ ការផ្ទុះខ្លាំងៗជាច្រើនបានកើតឡើងនៅចំកណ្តាលរដ្ឋធានីនៃប្រទេស​អាហ្វហ្គាសនីស្ថាន។ នៅប៉ុន្មានថ្ងៃនៃការបិទបញ្ចប់ពិធីបុណ្យរ៉ាម៉ាដាន់ ការវាយប្រហារ​ទាំងនេះបានបណ្តាលឲ្យមានការច្របូកច្របល់។ គ្រួសារជាច្រើន ដែលកំពុងដើរលេងបន្ទាប់ពី​ការ​តមអាហារ បានរត់ចូលទៅរកជម្រកនៅក្នុងផ្ទះរបស់ខ្លួន ឬចុះចូលទៅក្នុងជាន់ក្រោមដី។

អ្នកនាំពាក្យនៃរដ្ឋាភិបាលអាហ្វហ្គាសនីស្ថាន លោកហ្ស៉ាប៊ីលូឡា មូចាហ៊ីដ បានថ្លែងថា ៖ “របប​​ប៉ាគីស្ថានជាថ្មីម្តងទៀត បានរំលោភ​លើដែនអាកាសអាហ្វហ្គាសនីស្ថាន និងវាយ​សំដៅ​លើ​មជ្ឈមណ្ឌល​អ្នកញៀនថ្នាំ​នៅទីក្រុងកាប៊ុល បានសម្លាប់ និងធ្វើឲ្យរបួសដល់ជនស៊ីវិល​ជា​ច្រើន ដែលភាគច្រើនគឺអ្នកញៀនថ្នាំដែលកំពុងទទួលការព្យាបាល។”  លោកបានបន្ថែមថា ៖ “យើងថ្កោលទោសឧក្រិដ្ឋកម្មនេះ និងវាយតម្លៃថា វាគឺទង្វើអមនុស្ស និងរំលោភរាល់​គោលការណ៍​​ច្បាប់ទាំងអស់”។

នៅក្នុងផ្នែកមួយនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលត្រូវរងការវាយប្រហារ ក្រុមអ្នកជួយសង្រ្គោះ បាន​ដឹកសព​អ្នកស្លាប់ចេញទៅខាងក្រៅ ខណៈដែលភ្លើងនៅតែបន្តឆេះនៅទីតាំងនោះ។ 

យ៉ាងហោចណាស់ មានសាកសព ៣០នាក់ ស្ថិតនៅក្នុងបរិយាកាសមួយដ៏ច្របូកច្របល់​បំផុត។ អ្នករងរបួសបានស្រែកដើម្បីទទួលបាននូវ​ជំនួយនៅខណៈដែលរថយន្តសង្គ្រោះ​ជាច្រើន​​​បានបន្តប្តូរគ្នា ដើម្បីដឹកអ្នករងរបួសទៅមន្ទីរពេទ្យផ្សេងៗទៀតនៅក្នុងទីក្រុង។

ក្រសួង​សុខាភិបាល​របស់អាហ្វហ្គាសនីស្ថាន បានរៀបរាប់ថា យោងតាមរបាយការណ៍​​បឋម តុល្យការស្លាប់អាចនឹងហក់ឡើងដល់ ២០០នាក់ និងច្រើនជាង ២០០នាក់ រងរបួស។  ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង លោកស្ហ៉ារ៉ាហ្វ៉ាត ហ្ស៉ាម៉ាន បានបន្ថែមថា វាមិនអាចនឹងផ្តល់នូវតួលេខ​ពិត​ប្រាកដ​ទេនាដំណាក់កាលនេះ។ ក្រោយមក អ្នកនាំពាក្យនៃ​រដ្ឋាភិបាល បាននិយាយ​អំពីការ​ភ័យខ្លាច​ថា តុល្យការដ៏ធ្ងន់ធ្ងរ គឺអ្នកស្លាប់ អាចឡើងដល់ ៤០០នាក់ និង២៥០នាក់ រងរបួស។

យោងតាមក្រសួងសុខាភិបាលនេះ ផងដែរ បានឲ្យដឹងថា ជាសរុប មានអ្នកជំងឺ ៣០០០នាក់ ដែលទទួលការព្យាបាលនៅក្នុងមជ្ឈមណ្ឌល ដែលមកពីគ្រប់ទីតំបន់នៃប្រទេស​អាហ្វហ្គាសនីស្ថាន។

ដោយមិនបដិសេធនូវសេចក្តីសន្និដ្ឋានដែលថា ចំនួនអ្នកស្លាប់ និងរបួសអាចកាន់តែធ្ងន់ធ្ងរ​ លោក​ដឺហ្ស៉ង់ ប៉ានីក នាយកនៃអង្គការក្រៅរដ្ឋាភិបាល​អ៊ីតាលីសង្រ្គោះបន្ទាន់ បានរៀបរាប់ថា យ៉ាងហោច​ណាស់ មានសាកសព ៣ ត្រូវបានទទួលនៅមន្ទីរពេទ្យនៃអង្គការនេះ​នៅក្នុង​រដ្ឋធានី​​នៃប្រទេសអាហ្វហ្គានីស្ថាន និងអ្នករបួស ២៧នាក់ ត្រូវបានទទួលការព្យាបាល។ 

ចំណែកឆ្មាំម្នាក់នៃមជ្ឈមណ្ឌលព្យាបាលគ្រឿងញៀន បានរៀបរាប់ដែរថា លោកឮយន្តហោះ​ចម្បាំង​ហោះពីលើ។ ក្រុមយោធានៅជិតៗ បានបាញ់សំដៅទៅកាន់យន្តហោះ។ យន្តហោះ​បាន​ទម្លាក់គ្រាប់បែក ហើយភ្លើងក៏ឆាបឆេះឡើង។ 

ចំណែកអាជ្ញាធរប៉ាគីស្ថាន បានបញ្ជាក់ថា បានវាយប្រហារសំដៅជាក់លាក់លើរចនាសម្ព័ន្ធ​យោធា និងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ក្រុមភេរវករ ដែលត្រូវបានប្រើប្រាស់ដើម្បី​ប្រឆាំង​​នឹង​ជន​ស៊ីវិលប៉ាគីស្ថាន។ ចំណែកក្រសួងព័ត៌មានប៉ាគីស្ថាន បានបន្ថែមថា ប្រទេស​ប៉ាគីស្ថាន​​បាន​វាយប្រហារគោលដៅរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ហើយបានធានាថា​មិនមាន​ការ​ខូចខាត​បន្ថែមលើសពីចាំបាច់ឡើយ។

 

Daily Program

Livesteam thumbnail