ប្រទេសបារាំង និងប្រទេស១៣ផ្សេងទៀត អំពាវនាវឲ្យបញ្ឈប់ការពង្រីកការតាំងទីលំនៅថ្មីនៅស៊ីហ្ស័កដានី
កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ១៤ ប្រទេស មានដូចជា បារាំង អង់គ្លេស កាណាដា និងជប៉ុន បានថ្កោលទោសការខិតទៅជិតនៃការតាំងទីលំនៅថ្មីរបស់ជនជាតិហ្ស៊ីហ្វ នៅតំបន់ស៊ីហ្ស័កដានីប៉ាឡេស្ទីន និងអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបកក្រោយនូវសេចក្តីសម្រេចចិត្ត និងបញ្ឈប់ការពង្រីកការតាំងទីលំនៅថ្មី។
នៅក្នុងសេចក្តីប្រកាសរួមមួយដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបារាំង បានឲ្យដឹងថា យើងតំណាងឲ្យអាឡឺម៉ង់ ប៊ែលហ្ស៊ិក កាណាដា ដាណឺម៉ាក អេស្ប៉ាញ បារាំង អ៊ីតាលី អៀរឡង់ អ៊ីស្លង់ ជប៉ុន ម៉ាលត៍ ហូឡង់ ណ័រវេស និងអង់គ្លេស ថ្កោលទោសការខិតទៅរក ការបង្កើតការតាំងទីថ្មីចំនួន ១៩កន្លែង នៅតំបន់ស៊ីហ្ស័កដានីប៉ាឡេស្ទីន ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែលដោយគណៈសន្តិសុខនៃរដ្ឋាភិបាលអ៊ីស្រាអែល។
អត្ថបទបន្ថែមថា យើងបញ្ជាក់ឡើងវិញអំពីការប្រឆាំងច្បាស់សម្រាប់គ្រប់ទម្រង់នៃការភ្ជាប់ទឹកដីរួមទាំងការអភិវឌ្ឍនៃនយោបាយអាណានិគមផងដែរ។
កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍ អាជ្ញាធរអ៊ីស្រាអែលបានប្រកាសអនុម័តការតាំងទីលំនៅថ្មីចំនួន ១៩ នៅតំបន់ស៊ីហ្ស័កដានី ដែលជាវិធានការ បើតាមអ៊ីស្រាអែល សំដៅរាំងខ្ទប់គ្រឹះស្ថាននៃរដ្ឋប៉ាឡេស្ទីនភេរវករ នៅក្នុងបរិបទនៃការពង្រីកវិសាលភាពនៃការតាំងស្ថានអាស្រ័យថ្មី ដែលធ្វើចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។
ចំណែកនៅក្នុងសេចក្តីប្រកាសរបស់ប្រទេសចំនួន ១៤ ប្រទេសទាំងនេះ រំឭកថា សកម្មភាពរបស់អ៊ីស្រាអែលជាឯកតោភាគីបង្កមានការរំលោភច្បាប់អន្តរជាតិ។
សេចក្តីប្រកាសអធិប្បាយទៀតថា ៖ “សកម្មភាពនេះផ្តល់ហានិភ័យប៉ះពាល់ដល់ការដាក់ឲ្យដំណើរការនូវផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា នៅខណៈដែលកិច្ចខិតខំប្រឹងប្រែងត្រូវបានដាក់ចេញសម្រាប់ដំណាក់កាលទី២ នៃផែនការសន្តិភាព ហើយវាក៏នឹងបំផ្លាញទស្សនវិស័យនៃសន្តិភាព និងសន្តិសុខដែលមានចីរភាពនៅក្នុងតំបន់ទាំងមូលផងដែរ។”
”យើងអំពាវនាវឲ្យអ៊ីស្រាអែលធ្វើសេចក្តីសម្រេចចិត្តបកក្រោយវិញ ព្រមទាំងបញ្ឈប់ការពង្រីកអាណានិគមជន ដើម្បីឲ្យស្របនឹងដំណោះស្រាយ លេខ ២៣៣៤ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងបន្ថែមថា ពួកគេប្តេជ្ញាចិត្តនឹងគាំទ្រសិទ្ធស្វ័យសម្រេចដោយខ្លួនឯងរបស់ប៉ាឡេស្ទីន”។
ចុងក្រោយ ប្រទេសទាំង ១៤ រំឭកឡើងវិញអំពីការចងភ្ជាប់ដែលមិនអាចកាត់ផ្តាច់បានសម្រាប់សន្តិភាពសកល ត្រឹមត្រូវ និងមានចីរភាព នៅលើដំណោះស្រាយនៃរដ្ឋពីរ ដែលរដ្ឋពីរប្រជាធិបតេយ្យ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការរស់នៅក្នុងសន្តិភាព និងសន្តិសុខទោះក្នុងតម្លៃណាក៏ដោយ ជាមួយនឹងការមានព្រំដែនច្បាស់លាស់ និងត្រូវបានទទួលស្គាល់។
ការតាំងអាណានិគមចេះតែបន្តនៅក្រោមគ្រប់រដ្ឋាភិបាលអ៊ីស្រាអែល ទោះពីក្រុមឆ្វេង ឬក្រុមស្តាំឡើងកាន់អំណាច ចាប់តាំងពីឆ្នាំ១៩៦៧ និងច្បាស់ណាស់ ត្រូវបានពង្រីកបន្ថែមនៅក្រោមរដ្ឋាភិបាលសព្វថ្ងៃ ជាពិសេសចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅហ្គាហ្ស៉ាដែលបញ្ឆេះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយការវាយប្រហារដែលមិនដែលមានពីមុនដោយចលនាឥស្លាមប៉ាឡេស្ទីន ក្រុមហាម៉ាស មកលើអ៊ីស្រាអែល។
លើកលែងតែទីក្រុងហ្សេរូហ្ស៉ាឡឹម ភាគខាងកើត ដែលត្រូវបានគ្រប់គ្រង និងភ្ជាប់ជាឧបសម្ព័ន្ធមកកាន់អ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែលជាង ៥០០០០០នាក់ រស់នៅសព្វថ្ងៃនៅតំបន់ស៊ីហ្ស័កដានី នៅក្នុងតំបន់តាំងទីនៅថ្មី នៅកណ្តាលជនជាតិប៉ាឡេស្ទីនប្រមាណ ៣លាននាក់ ហើយដែលទង្វើនេះ អង្គការសហប្រជាជាតិវិនិច្ឆ័យថា ខុសច្បាប់ បើមើលលើច្បាប់អន្តរជាតិ។