ប្រទេសបារាំងសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បន្ទាប់ពីបានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា បារាំង បានធ្វើសហអធិបតីភាពលើ សន្និសីទមួយនៅអង្គការសហប្រជាជាតិនៅសប្តាហ៍នេះនៅទីក្រុងញូយ៉កដើម្បីជះឥទ្ធិពលដល់ប្រទេសដទៃៗទៀតឲ្យធ្វើតាមដែរ។ នៅឆ្ងាយពីការគាំទ្រអ៊ីស្រាអែលដោយឥតលក្ខខណ្ឌ ការទូតបារាំងបានប្រកាន់យកយុទ្ធសាស្រ្តដែលកាន់តែមានមមហិច្ចតា។ តើបារាំងអាចឈានដល់ការជះឥទ្ធិពលដល់រដ្ឋដទៃៗទៀត ដើរតាមគន្លងខ្លួនដែរឬទេ?
នៅក្រោមអធិបតីភាពរបស់បារាំង និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្រទេសជាង ១០០ បានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ កក្កដា។ គោលដៅ គឺផ្តួចផ្តើមគំនិតឲ្យមានចលនាអនុគ្រោះដល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
នេះគឺជាការឃ្លាតឆ្ងាយខាងការទូតដ៏ធំ បើមើលនូវជំហរបារាំងនៅខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានការសម្លាប់រង្គាលដែលប្រព្រឹត្តឡើងដោយក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល។
នៅពេលនោះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល លោកអេម៉ានូអែល ម៉ាក្រុង បានអះអាងចំពោះរដ្ឋហេប្រឺអំពីការគាំទ្រដោយគ្មានលក្ខខណ្ឌ។ លោកបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ្ញាក់ផ្អើលដែរ ដោយអំពាវនាវឲ្យមានសម្ព័ន្ធមិត្តអន្តរជាតិក្នុងគោលដៅកម្ទេចក្រុមហាម៉ាស។ មួយឆ្នាំក្រោយមក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ការទូតបារាំងបដិសេធការអនុវត្តចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនូវដីកាឃាត់ខ្លួនប្រឆាំងនឹងរូបលោកដែលចេញដោយតុលការព្រហ្មទណ្ឌអន្តរជាតិ។
ការផ្លាស់ប្តូរនយោបាយថ្មីត្រូវបានធ្វើឡើងនៅលើយន្តហោះប្រធានាធិបតី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅពេលវិលត្រឡប់មកពីប្រទេសអេហ្ស៊ីប។ លោកអេម៉ានូអែល ម៉ាក្រុង បានប្រកាសថា ទីក្រុងប៉ារីសទទួលស្កាល់រដ្ឋប៉ាឡេស្ទីននៅក្នុងប៉ុន្មានខែខាងមុខ។ ដូច្នេះវិមានអេលីហ្ស៉េ និងក្រសួងការបរទេសបារាំង បានដាក់ចេញនូវលក្ខខណ្ឌជាច្រើន។ នៅក្នុងចំណោមនោះ មានការបំបាត់យោធាក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ព្រមទាំងការរៀបចំជាថ្មីនូវអាជ្ញាធរប៉ាឡេស្ទីន។
ការទាមទារទុកជាមុននេះជានិច្ចកាលមិនត្រូវបានបំពេញទេ និងបង្កើតជាការបង្អាប់នូវកិច្ចសន្យាថ្មីៗរបស់លោកអេម៉ានូអែល ម៉ាក្រុង។
ជាការពិត ដោយត្រូវធ្វើឲ្យទន់ខ្សោយខ្លាំងដោយសង្រ្គាមអ៊ីស្រាអែល ក្រុមហាម៉ាសនៅតែមានរដ្ឋបាលផ្លូវការនៅហ្គាហ្សា ហើយពួកគេបន្តឃុំខ្លួនជានិច្ចនូវចំណាប់ខ្មាំងចំនួន ៤៩នាក់ ដែលមាន ២៧នាក់ ត្រូវបានប្រកាសដោយទាហានអ៊ីស្រាអែលថា បានស្លាប់។
លោកអាដែល បាកាវ៉ាន់ អ្នកសិក្សាស្រាវជ្រាវដែលមានទំនាក់ទំនងនឹងវិទ្យាស្ថានបារាំងនៃទំនាក់ទំនងអន្តរជាតិ វិភាគថា សព្វថ្ងៃ លោកអេម៉ានូអែល ម៉ាក្រុង នៅតែទាមទារជានិច្ចឲ្យបំបាត់យោធាក្រុមហាម៉ាស ប៉ុន្តែបញ្ឈប់លែងយកវាជាលក្ខខណ្ឌ។ លោកហ្ស៉ង់ ប៉ូល ចាញ៉ូល់ឡូ ប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងការសិក្សាអំពីតំបន់មេឌីទែរ៉ាណេ និងមជ្ឈិមបូព៌ា បាននិយាយថា ការទូតបារាំងបានជាប់អន្ទាក់ដោយដាក់លក្ខខណ្ឌដែលនៅទីនោះគេមិនអាចធ្វើជាម្ចាស់។
នៅក្នុងសារមួយដែលផ្ញើទៅកាន់លោកអេម៉ានូអែល ម៉ាក្រុង កាលពីដើមខែមិថុនា លោក ម៉ាមូដ អាបាស ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានធានាអំពីអនាគតរដ្ឋាភិបាលប៉ាឡេស្ទីនដោយគ្មានក្រុមហាម៉ាស។
ដោយមានប្រទេសជាច្រើននៅសកលភាគខាងត្បូងចូលរួម ការស្តីបន្ទោសខឹងសម្បាររីកធំនៅអង្គការសហប្រជាជាតិ។ នោះគឺមានការខឹងសម្បារអំពីវិធានការដែលមានលក្ខណៈស្តង់ដារពីរនៃមហាអំណាចលោកខាងលិច ដែលពួកគេបានចោទប្រកាន់ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើសង្រ្គាមរបស់លោកពូទីនលើអ៊ុយក្រែន តែបែរជាទុកឲ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជនស៊ីវិលនៅហ្គាហ្ស៉ាទៅវិញ។
Daily Program
