ប្រឈមនឹងការវាយប្រហារពីក្រុមបះបោរនៅស៊ីរី ការអំពាវនាវឲ្យបន្ថយភាពតាន តឹង កើនឡើង
ការអំពាវនាវឲ្យបន្ថយភាពតានតឹង បានកើនឡើងកាលពីថ្ងៃចន្ទ ទី២ ធ្នូ ប្រឈមនឹងការវាយប្រហារដូចផ្លេកបន្ទោររបស់ក្រុមបះបោរឥស្លាម ដែលបានដណ្តើមយកតំបន់ដ៏ធំនៅភាគខាង ជើងរបស់ប្រទេសស៊ីរី។ នេះធ្វើឲ្យមានការភ័យខ្លាចអំពីការចាប់ផ្តើមឡើងវិញនូវការប្រយុទ្ធ ទ្រង់ទ្រាយធំ បន្ទាប់ពីជាងមួយទសវត្សនៃសង្រ្គាមស៊ីវិល។
ប្រធានាធិបតីស៊ីរី លោកបាចា អាល់ អាសាដ បរិហារអំពីការប៉ុងប៉ុនក្នុងការគូសវាលឡើងវិញនៃផែនទីមជ្ឈិមបូព៌ា។
យោងតាមការអង្កេតរបស់អង្គការសិទ្ធមនុស្សសម្រាប់ស៊ីរី បានឲ្យដឹងថា ការវាយប្រយុទ្ធដំបូង ចាប់តាំងពីឆ្នាំ២០២០ ដោយមានទាំងការទម្លាក់គ្រាប់បែករបស់ទាហានស៊ីរី និងរុស្ស៊ីផង បាន ធ្វើឲ្យមានមនុស្សស្លាប់ ៥១៤នាក់ រួមមានជនស៊ីវិល ៩២នាក់ ចាប់តាំងពីថ្ងៃទី២៧ ខែ វិច្ឆិកា។
ការិយាល័យកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃចន្ទ បានសង្កេត ឃើញថា កាលពីថ្ងៃសៅរ៍ ទី៣០ វិច្ឆិកា មនុស្សច្រើនជាង ៤៨៥០០ នាក់ បានភៀសខ្លួនទៅ កាន់ទីក្រុង អ៊ីដឡឹប នៅភាគខាងជើងទីក្រុងអាឡឹប នៅក្នុងភាគពាយព្យនៃប្រទេសស៊ីរី។ នៅ ក្នុងចំណោមនេះ មានជាងពាក់កណ្តាលគឺជាកុមារ។ លោកថម ហ្វ្លេតជើ នាយក Ocha បាន អធិប្បាយថា ៖ “វាជាការព្រួយបារម្ភ។ មនុស្សរាប់ម៉ឺននាក់កំពុងភៀសខ្លួន”។
ទីក្រុងវ៉ាស៊ីនតុន និងសហភាពអឺរ៉ុប បានជំរុញឲ្យគ្រប់ប្រទេសធ្វើការដើម្បីបន្ថយភាពតានតឹង។ លោកម៉ាធៀវ មីលឡើ អ្នកនាំពាក្យនៃនាយកដ្ឋានរដ្ឋអាម៉េរិក បានថ្លែងថា ៖ “យើងរំពឹងថា គ្រប់ប្រទេសនឹងប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ពួកគេ ដើម្បីធ្វើការបន្ថយភាពតានតឹង ការពារជនស៊ីវិល រហូតដល់ពេលធ្វើឲ្យរីកចម្រើនទៅមុខនៃដំណើរការនយោបាយ”។
អ្នកនាំពាក្យកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកអានូអា អេល អានូនី បាននិយាយនៅក្នុងសេចក្តីប្រកាស ដោយថ្កោលទោសការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីទៅលើតំបន់ដែលមានមនុស្សផ្តុំគ្នា និងការបន្តគាំទ្ររបស់រុស្ស៊ីសម្រាប់របបសង្កត់សង្កិនរបស់លោកអាសាដ”។
យោងតាមអ្នកនាំពាក្យ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បាននិយាយប្រកាសអាសន្នចំពោះការផ្ទុះឡើងថ្មីៗ នៃអំពើហិង្សា និងបានអំពាវនាវឲ្យបញ្ឈប់ការប្រទូស្តរាយគ្នាជាបន្ទាន់។
នេះគឺជាលើកទី១ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅឆ្នាំ២០១១ របបស៊ីរី បានបាត់បង់ការគ្រប់គ្រងទីក្រុងអាឡឹប ទាំងស្រុង។ នេះគឺជាទីក្រុងទី២ របស់ប្រទេសស៊ីរី។ វាក៏ជាបរាជ័យដ៏ធ្ងន់ធ្ងររបស់របបលោកអាសាដ ដែលបង្កឡើងដោយក្រុមអ្នកបះបោរ ក្រុម ហាយ៉ាត តារៀ អាល់ ស្ហ៉ាម។
យោងតាមការអង្កេតរបស់អង្គការស៊ីរីសម្រាប់សិទ្ធមនុស្ស បានឲ្យដឹងទៀតថា ជាការវាយបក យន្តហោះចម្បាំងរបស់ស៊ីរី និងរុស្ស៊ី បានទម្លាក់គ្រាប់បែកនៅលើផ្នែកដែលក្រុមអ្នកបះបោះកាន់កាប់នៅខេត្តអាឡឹប និងតំបន់ជុំវិញទីក្រុងអាឡឺប។ ការវាយប្រហារបានសម្លាប់ជនស៊ីវិល ១៥នាក់ ដែលរួមមានទាំងកុមារ។
រូបភាពនានាបានបង្ហាញអំពីក្រុមបះបោរប្រដាប់អាវុធឥស្លាម ដើរល្បាតនៅតាមដងផ្លូវនៃទីក្រុងអាឡឹប នៅជិតទីក្រុងប្រវត្តិសាស្រ្ត ឬព្រលានយន្តហោះនៅទីក្រុងដែលមានប្រជាជនប្រមាណ ២លាននាក់ រស់នៅ។
ប្រជាជនម្នាក់នៅទីក្រុងអាឡឹប បានរៀបរាប់សុំមិនបញ្ចេញឈ្មោះថា ៖ ”យើងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។ យើងមិនដឹងថា អ្វីនឹងមកដល់។” លោកបានរៀបរាប់ថាបានឮការវាយប្រហារតាមផ្លូវអាកាស ប៉ុន្តែមិនមែនការបាញ់ទេ។ វាស្ងៀមស្ងាត់ដែរនៅក្នុងទីក្រុង។