ប៉ារីស ឡុងដ៍ រ៉ូម និងប៊ែរឡាំង លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ធ្វើដំណើរមួយជុំ​អឺរ៉ុប

មិនក្រោម ៤ប្រទេស សម្រាប់របៀបវារៈដំណើរទស្សនកិច្ចរបស់លោកហ្សេឡេនស្គី ពីពេល​នេះ​រ​ហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីប្រទេសក្រូអាទី ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងធ្វើដំណើរមួយជុំនៅអឺរ៉ុប ដែលនឹងឆ្លងកាត់ទីក្រុងប៉ារីស ទីក្រុងឡុង ទីក្រុងរ៉ូម និងទីក្រុងប៊ែរឡាំង។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅខណៈដែលទាហានអ៊ុយក្រែន មានការលំបាកនៅ​សមរភូមិ​​ភាគខាងកើត ប្រឈមមុខនឹងទាហានរុស្ស៊ី​ដែលដណ្តើមយកដី។ នេះមិនដល់មួយ​ខែ​ផង​សម្រាប់​ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកដែលស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និង​អាច​ធ្វើ​ឲ្យខូចខាតដល់​ការគាំទ្រដ៏មានសារៈសំខាន់របស់ទីក្រុងវ៉ាស៊ីនតុន ចំពោះទីក្រុង គៀវ។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទៅដល់ទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ទី០៩ ខែតុលា ដើម្បី​ជួបលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បន្ទាប់មក បើតាមការ​ប្រកាស​របស់​បុរីវ៉ាទីកង់ លោកក៏ទៅទីក្រុងរ៉ូម ដែលជាកន្លែង​ដែលលោកក៏បានជួបសម្តេចប៉ាបផងដែរ។

ប្រមុខរដ្ឋអ៊ុយក្រែន បានប្រកាសចេញពីទីក្រុងឌូប្រូនីក ប្រទេសក្រូអាទី ដែលជាកន្លែង​ដែល​លោក​បានចូលរួមកិច្ចប្រជុំកំពូលអ៊ុយក្រែន និងអឺរ៉ុបភាគអាគ្នេយ៍។ បន្ទាប់មក លោក​ហ្សេឡេនស្គី ក៏នឹងជួបនាយករដ្ឋមន្រ្តីអង់គ្លេស ខេ ស្តាកមើ នៅចក្រភពអង់គ្លេស និង​នាយក​រដ្ឋមន្រ្តីអ៊ីតាលី ហ្ស៉ហ្សៀ ម៉េឡូនី នៅប្រទេសអ៊ីតាលី។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន ក៏នឹងជួប​នៅ Downing Street នៅរាជធានីអង់គ្លេស នូវប្រមុខថ្មីរបស់អង្គការណាតូ គឺលោកម៉ាក រូតតេ ដើម្បី​ពិភាក្សាអំពីការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងគៀវ។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងទៅអាឡឺម៉ង នៅថ្ងៃសុក្រ ដែលជាកន្លែង​ដែល​លោក​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំការការពារជាតិអ៊ុយក្រែន។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី​នឹងត្រូវទទួលជួបនៅ​ទីក្រុង​ប៊ែលឡាំង ដោយអធិការបតីអាឡឺម៉ង់ លោកអូឡាហ្វ សូល។

នៅឌូប្រូនិក ប្រធានាធិបតីអ៊ុយក្រែន បានទាញចំណេញពីកិច្ចប្រជុំកំពូល ដើម្បីនិយាយ​ការពារ​​នៅចំពោះមុខការចូលរួមរបស់អឺរ៉ុប ពីគ្រប់ប្រជាជាតិប្រជាធិបតេយ្យអឺរ៉ុប ដោយមាន​វត្តមាន​​ពីប្រមុខរដ្ឋ រដ្ឋាភិបាល និងអ្នកការទូត ១៣ប្រទេស។ លោកហ្សេឡេនស្គី និយាយ​សង្កត់​ថា គ្មាន​នរណា​ម្នាក់ចាំបាច់រំឭកថា តើស្ថិរភាពមានសារសំខាន់ប៉ុណ្ណា សម្រាប់ប្រទេស​នៅ​តំបន់​​បាល់​កង់​នោះ? លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ “ប្រសិនបើអឺរ៉ុប​មិន​រួបរួម​គ្នា​​នៅ​ថ្ងៃ​នេះ ទ្វីបនេះ នឹងមិនមានសន្តិភាពទេ។ ដូច្នេះ គេត្រូវដំណើរការបញ្ចូល​អ៊ុយក្រែន​ជា​សមាជិក។ លោកនិយាយការពារថា នេះមិនគ្រាន់តែដើម្បីបុព្វហេតុរបស់ទីក្រុងគៀវ ប៉ុន្តែវាក៏​ជា​​បុព្វហេតុ​​នៃប្រទេសជាច្រើននៃតំបន់បាល់កង់ ដែលរង់ចាំចូលជាសមាជិកអឺរ៉ុប​ជាច្រើន​ឆ្នាំ​មក​​​ហើយ។ ទីក្រុងគៀវបានចាប់ផ្តើមដំណើរការចរចាចូលជាសមាជិកអឺរ៉ុបតាំងពីខែមិថុនា។

លោក​ក៏បានលើកមកនិយាយជាច្រើនដង នូវផែនការដែលរៀបចំដោយអ៊ុយក្រែន​ដើម្បី​បញ្ចប់​ការ​​លុក​លុយរបស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ៖ “ផែនការនេះនឹង​ត្រូវ​ត្រៀម​ស្រេច និង​កំណត់​ជាលំអិត​នូវលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាម។”

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ចោទសួរថា តើធ្វើដូចម្តេចដើម្បីបង្ខំរុស្ស៊ី​ឲ្យ​ស្វែងរក​សន្តិភាព? តើធ្វើដូចម្តេចបង្ខំឲ្យអ្នកបង្កសង្រ្គាមឲ្យដើរ​តាមផែនការសន្តិភាព? បន្ទាប់មក លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឆ្លើយខ្លួនឯងថា ៖ “យើងបានរៀបចំផែនការសកម្ម​ភាពដែល​អាច​លុប​បំបាត់​ភាព​ខុសគ្នារវាងស្ថានភាព​សព្វថ្ងៃ និងធ្វើកិច្ចប្រជុំកំពូលសន្តិភាពឲ្យ​បាន​ជោគជ័យ។ ប្រទេស​រុស្ស៊ី​នឹងបាត់បង់សមត្ថភាពរបស់ខ្លួន ដើម្បីគំរាមកំហែងយើង និង​គំរាមកំហែង​អឺរ៉ុប។

 

Daily Program

Livesteam thumbnail