បើតាមលោកខាមឺនៃ មេដឹកនាំកំពូលអ៊ីរ៉ង់ ការប្រមូលផ្តុំអ្នកគាំទ្ររបប​គឺជាការ​ព្រមាន​សម្រាប់សហរដ្ឋអាម៉េរិក

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមឺនៃ កាលពីថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ បានហៅថា វាជាការព្រមានចំពោះសហរដ្ឋអាម៉េរិក ដោយមានការប្រមូលផ្តុំដ៏​ខ្លាំង​ក្លា​​របស់អ្នកគាំទ្ររដ្ឋអំណាច ដែលបានចុះតាមដងផ្លូវយ៉ាងសន្ធឹកសន្ធាប់ និងជាការឆ្លើយតប​នឹង​​​រលក​តវ៉ាដ៏ធំធេង ដែលបាន​អង្រួនប្រទេសអ៊ីរ៉ង់ ជាង ២ សប្តាហ៍មកហើយ។ រីឯសេតវិមាន​អាម៉េរិក បានបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក បានសន្យានឹងធ្វើការវាយ​ប្រហារ​​តាមផ្លូវអាកាសលើអ៊ីរ៉ង់ និងបន្ថែមថា ផ្លូវការទូតនៅតែបើក​ចំហជានិច្ច។

នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកអាយ៉ាតូឡា អាលី ខាមឺនៃ បានថ្លែងថា ៖ “នេះគឺជា​ការ​ព្រមាន​សម្រាប់អ្នកនយោបាយអាម៉េរិក ដែលពួកគេមិនបញ្ឈប់នូវប្រតិបត្តិការ​បោកបញ្ឆោត”។ រីឯប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានគំរាម​ជាច្រើន​ដងដើម្បីធ្វើអន្តរាគមន៍​យោធា​​លើអ៊ីរ៉ង់។

លោកប្រធានាធិបតីអាម៉េរិក ក៏បានថ្លែងកាលពីថ្ងៃចន្ទ នៅលើបណ្តាញសង្គម ទ្រូសសូស្យល់ (Truth Social) ថា រាល់ប្រទេសដែលធ្វើពាណិជ្ចកម្មជាមួយអ៊ីរ៉ង់ នឹងត្រូវទទួលការវាយប្រហារ​ដោយ​​ច្បាប់​​​ពន្ធ​គយ ២៥% បន្ថែមទៀត​ដោយសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីអាម៉េរិក បាន​បញ្ជាក់ថា ៖ “សេចក្តីសម្រេចចិត្តនេះគឺដាច់ខាត និងមានប្រសិទ្ធភាពភ្លាមៗ”។

សេតវិមានអាម៉េរិក បញ្ជាក់ថា លោកដូណាល់ ត្រាំ ក៏បានសន្យាធ្វើការវាយប្រហារតាមផ្លូវ​អាកាស​លើអ៊ីរ៉ង់ដើម្បីបញ្ចប់ការ​បង្រ្កាបក្រុមបាតុករ ដែលបានធ្វើឲ្យរញ្ជួយដល់សាធារណរដ្ឋ​ឥស្លាម​​ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែក៏បន្ថែមថា ផ្លូវ​ការទូតនៅតែបើកចំហរជានិច្ច។ លោកស្រី ការ៉ូលីន លីវីត អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់ថា ថា ៖ “រឿងមួយដែលលោក​ប្រធានាធិបតី​ត្រាំ មានជំនាញបំផុត គឺរក្សាទុកឲ្យមានគ្រប់ជម្រើស​នៅលើតុ។ ហើយការវាយ​ប្រហារ​ផ្លូវអាកាសគឺជាជាជម្រើសមួយក្នុងចំណោមជម្រើស​ជាច្រើនដែលផ្តល់ឲ្យសម្រាប់​មេ​បញ្ជការ​​កងទ័ព”។  ក៏ប៉ុន្តែ លោកស្រី បានអះអាងថា ការទូតគឺនៅតែស្ថិតនៅជាជម្រើសទី១​សម្រាប់​លោកប្រធានាធិបតី”។ បើតាមរូបលោកស្រី ផ្លូវការទូតនៅតែស្ថិតនៅបើកចំហរ​ជានិច្ច​សម្រាប់​អ៊ីរ៉ង់ ហើយអ្នកកាន់​អំណាចអ៊ីរ៉ង់បានប្រកាន់យកនូវវាចារខុសគ្នាយ៉ាងខ្លាំង​ក្នុង​អំឡុង​កិច្ចពិភាក្សាឯកជនជាមួយ​បេសកជនពិសេសរបស់អាម៉េរិក លោកស្តេវ វីតកូហ្វ។

ចំណែកលោកអគ្គលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកសឺហ្គេ ឆ័រហ្គូ នៅអំឡុងការហៅ​ទូរសព្ទ​ជាមួយសមភាគីអ៊ីរ៉ង់ បានបរិហារ​អំពីការប៉ុនប៉ង់ជ្រៀតជ្រែកពីខាង​ក្រៅ នៅអំឡុងមាន​ចលនា​តវ៉ាទ្រង់ទ្រាយធំដែលអង្រួនប្រទេសអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរៀបរាប់​ថា នៅអំឡុងកិច្ចសន្ទនាជាមួយ លោកអាលី ឡារីចានី ដែលជាអគ្គលេខានៃក្រុមប្រឹក្សាជាន់​ខ្ពស់​​​សន្តិសុខជាតិអ៊ីរ៉ង់ លោកសឺហ្គេ ឆ័រហ្គូ បានថ្កោលយ៉ាងម៉ឺងម៉ាត់នូវ​ការប៉ុនប៉ង់ថ្មី​ពីការ​ជ្រៀត​ជ្រែក​នៃកងកម្លាំងខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។

ចំណែកអង្គការសិទ្ធមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅប្រទេសណ័រវេស បានប្រាប់ឲ្យដឹង នៅក្នុង​ប្រទេស​​អ៊ីរ៉ង់ យ៉ាងហោចណាស់ មានបាតុករ ៦៤៨នាក់ បានស្លាប់ ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ជា​​ថ្ងៃ​ចាប់​​ផ្តើម​នៃ​ចលនាតវ៉ាប្រឆាំងនឹងរដ្ឋអំណាចអ៊ីរ៉ង់។

អង្គការនេះ ក៏បញ្ជាក់ថានៅក្នុងចំណោមមនុស្សដែលបានស្លាប់ ក៏មានអនីតិជន ៩នាក់ ហើយ​មានមនុស្សរាប់ពាន់នាក់ បានរងរបួស។ យោងតាមការវាយតម្លៃខ្លះ ដែលអង្គការ​មិន​បាន​ផ្ទៀងផ្ទាត់នៅឡើយ បានបង្ហាញថា តុល្យការនៃអ្នករងផលប៉ះពាល់ គឺឡើងខ្ពស់ខ្លាំង គឺ​អាច​រហូតទៅដល់ ៦០០០នាក់ ឯណោះ។

 

Daily Program

Livesteam thumbnail