បូជនីយេសក៍ជាងកន្លះលាននាក់បានឆ្លងកាត់ទ្វារដ៏វិសុទ្ធនៅទីលានសន្តសិលា
វ៉ាទីកង់ញូវបានរាយការណ៍ថា បូជនីយេសក៍ជាងកន្លះលាននាក់បានឆ្លងកាត់ទ្វារវិសុទ្ធ នៃវិហារសន្តសិលា ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃឆ្នាំព្រះមហាករុណាទិគុណ២០២៥។
តាមសេចក្តីប្រកាសដែលចេញដោយការិយាល័យព័ត៌មានសន្តអាសនៈ ដែលចេញផ្សាយកាលពីថ្ងៃអង្គារបានអះអាងថា មានគ្រីស្តបរិស័ទ សរុបចំនួន ៥៤៥.៥៣២នាក់ មកពីជុំវិញពិភពលោកបានធ្វើបូជនីចរទៅកាន់ទីក្រុងរ៉ូមដោយឆ្លងកាត់ច្រកទ្វារវិសុទ្ធនេះ។
ប្រភពដដែលបានបន្តថា តួលេខនេះត្រូវបានកត់ត្រាតាំងពីទ្វារវិសុទ្ធបានបើកដំណើរការកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤កន្លងទៅ។
លោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា (Rino Fisichella) អ្នកទទួលខុសត្រូវស្តីទីនៃក្រសួងប្រកាសដំណឹងល្អ និងជាអ្នករៀបចំឆ្នាំព្រះមហាករុណាទិគុណ បានពិពណ៌នាអំពីចំនួនបូជនីយេសក៍ដែលបានឆ្លងកាត់នេះថា គឺជាកម្រិតមួយដ៏ច្រើន។
លោកបានបញ្ជាក់ថា នេះគឺជាការចាប់ផ្តើមដ៏សំខាន់ខ្លាំងណាស់ ហើយការឆ្លងកាត់នេះក៏ឆ្លុះបញ្ចាំងពីអារម្មណ៍សុវត្ថិភាព និងភាពទាក់ទាញនៃកម្មវិធីបូជនីយចរនៅក្នុងទីក្រុងរ៉ូម និងនៅជុំវិញវិសាលវិហារនៅទីលានសន្តសិលា៕