បុរីវ៉ាទីកង់អំពាវនាវឲ្យគាំទ្ររដ្ឋកំពុងអភិវឌ្ឍឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅឯកិច្ចប្រជុំក្រុមការងារមួយរបស់អង្គការសហប្រជាជាតិ តំណាងបុរីវ៉ាទីកង់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិមានគោលនយោបាយថ្មី ដើម្បីគាំទ្រសេដ្ឋកិច្ចដល់រដ្ឋដែលក្រីក្រ និងកំពុងអភិវឌ្ឈន៍ឲ្យអាចមានលទ្ធភាពទ្រទ្រង់ផលប៉ះពាល់ដោយសារតែបម្រែបម្រួលអាកាសធាតុ។
ប្រភពដដែលបានបន្តថា សម្រាប់បុរីវ៉ាទីកង់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាចំណុចសំខាន់ក្នុងការធានាឱ្យប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពិភពលោកអាចទទួលបានអនាគតប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២១ ខែតុលា លោកអគ្គអភិបាល ហ្គាព្រីអែល ខាស្សា ( Gabriele Caccia) បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យអនុវត្តកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រជាដាច់ខាត។
លោកបានថ្លែងទៅកាន់អង្គការសហប្រជាជាតិថា "ការពន្លឿនការអនុវត្ត" នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិគឺជារឿងចាំបាច់បំផុត ។
នៅក្នុងសុន្ទរកថារបស់លោក លោកបានលើកឡើងពីសារៈសំខាន់នៃការបន្ធូរបន្ថយបំណុល គោលនយោបាយអាកាសធាតុ និងវិធានការសមធម៌ពាណិជ្ជកម្មក្នុងការការពារសុខុមាលភាពនៃប្រទេសកំពុងអភិវឌ្ឍ។
លោកអគ្គអភិបាលបានបន្តថា ប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំង ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងការទទួលបានសេវាសំខាន់ៗមានកម្រិត ដូចជាការអប់រំ និងការថែទាំសុខភាពជាដើម។
លោកបានបន្តថា សម្រាប់ប្រទេសកោះ គ្រោះមហន្តរាយធម្មជាតិដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្រិតទឹកសមុទ្របានជះឥទ្ធិពលមិនសមាមាត្រទៅលើអត្រានៃភាពក្រីក្រខ្ពស់រួចទៅហើយ និងសេដ្ឋកិច្ចផុយស្រួយ ដែលពឹងផ្អែកលើវិស័យទេសចរណ៍៕