បុរីវ៉ាទីកង់ស្វាគមន៍ការទទួលស្គាល់ការតែងតាំងអភិបាលថ្មីនៅចិន
វ៉ាទីកង់ញូវបានរាយការណ៍ថា បុរីវ៉ាទីកង់និងរដ្ឋាភិបាលចិនបានសម្រេចការទទួលស្គាល់ការតែងតាំងលោកអភិបាលថ្មីមួយរូបរបស់ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ ដែលជាការវិវន្តថ្មីមួយនៃទំនាក់ទំនងរវាងរដ្ឋទាំងពីរ ។
ពាក់ព័ន្ធនឹងជំហានដ៏វិជ្ជមាននេះការិយាល័យព័ត៌មានបុរីវ៉ាទីកង់ បានចេញនូវ សេចក្តីថ្លែងការណ៍មួយដែលបង្ហាញពី "ការពេញចិត្ត" របស់ បុរីវ៉ាទីកង់ជាមួយនឹងការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋាភិបាលចិនចំពោះការតែងតាំងលោក មែលជ័រ ស៊ី ហុងចិន ( Melchior Shi Hongzhen ) ជាអភិបាលនៃព្រះសហគមន៍កាតូលិក នៃទីក្រុងធៀនជីង កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទទួលស្គាល់នេះគឺជាលទ្ធផលវិជ្ជមាននៃកិច្ចសន្ទនាដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំរវាង បុរីវ៉ាទីកង់ និងរដ្ឋាភិបាលចិន" ។
លោកអភិបាលថ្មីដែលទើបតែងតាំងដំបូងដោយរដ្ឋាភិបាលក្រុងប៉េកាំងនិងបុរីវ៉ាទីកង់ កើតនៅឆ្នាំ ១៩២៩ ហើយត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៥៤ និងបានតែងតាំងជាសហចៅក្រមនៃទីក្រុង ធៀនជីង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨២ ។
នៅខែមិថុនា ឆ្នាំ ២០១៩ លោកបានក្លាយជាអភិបាលនៃព្រះសហគមន៍នៅធៀនជីងនេះជំនួសលោ ស្តេហ្វាណូ លី សាយ ( Stefano Li Side ) ប៉ុន្តែមិនមានការទទួលស្គាល់ទូលំទូលាយឡើយដោយសាររបាំងនៃទំនាក់ទំនងរវាងបុរីវ៉ាទីកង់និងរដ្ឋាភិបាលចិន ។
មកដល់ពេលបច្ចុប្បន្ននេះព្រះសហគមន៍កាតូលិកនៅទីក្រុងធៀនជីង គឺមានគ្រិស្តបរិស័ទជាសមាជិកប្រមាណជា៥៦.០០០ នាក់ ដោយមានព្រះសហគមន៍ចំនួន ២១ កន្លែង ហើយមានលោកបូជាចារ្យសរុប ៦២ នាក់ ។