បុរីវ៉ាទីកង់ប្រកាសថា ការវាយប្រហារលើជនស៊ីវិលក្នុងជម្លោះគឺមិនអាចទទួលយកបានទេ

លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ ( Ettore Balestrero ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានថ្លែង ក្នុងសន្និ សីទអន្តរជាតិលើកទី ៣៤ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមថា ការវាយប្រហារលើជនស៊ីវិលក្នុងជម្លោះគឺមិនអាចទទួលបាន ។ នេះបើតាមវ៉ាទីកង់ញូវ ។

លោកអគ្គអភិបាលបាន ទទូចឲ្យគ្រប់ភាគីជម្លោះអនុវត្ត កាតព្វកិច្ចសីលធម៌របស់ភាគីទាំងអស់ចំពោះជម្លោះប្រដាប់អាវុធ ដើម្បីគោរពច្បាប់មនុស្សធម៌អន្តរជាតិ និង ការពារជនស៊ីវិល។

លោកបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ម្តងទៀតនូវការរំលោភជាប្រព័ន្ធនៃច្បាប់មនុស្សធម៌អន្តរជាតិ ចំពេលមានជម្លោះដែលកំពុងកើតមាននៅជុំវិញពិភពលោក រួមទាំងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ដោយបញ្ជាក់ជាថ្មីថា សង្រ្គាមមិនអាចទទួលយកបាន។

លោកបានបន្តថា ប្រជាជនស៊ីវិលនៅតែបន្តរងគ្រោះក្នុងជម្លោះប្រដាប់អាវុធដោយការវាយប្រហារមិនរើសមុខ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ លោក​បាន​និយាយ​ទៀតថា​ «​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​សម្លាប់​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ខូចខាតបានទេ»​

លោកអគ្គអភិបាលក៏បានបញ្ជាក់សារជាថ្មីអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ បុរីវ៉ាទីកង់ អំពីការប្រើប្រាស់អាវុធជាតិផ្ទុះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ បណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លា​ញយ៉ាងទូលំទូលាយដល់ទីក្រុង សាលារៀន មន្ទីរពេទ្យ កន្លែងគោរពបូជា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ប្រជាជនស៊ីវិល៕

Daily Program

Livesteam thumbnail