បុណ្យរំលឹកគុណអង្គរ លើកទី៤ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ
បុណ្យរំលឹកគុណអង្គរដែលជាមហាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ នឹងរៀបចំធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកគុណដល់បុព្វការីជន គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់។
ពិធីបុណ្យរំលឹកគុណអង្គរនេះ ក៏ជាការចូលរួមលើកកម្ពស់កិត្យានុភាពវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ផូផង់របស់ប្រជាជនខ្មែរផងដែរ។
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ៖ «ព្រឹត្តិកការណ៍នេះនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមានកម្មវិធីសាសនា ការដង្ហែព្រះពុទ្ធរូបពីប្រាសាទអង្គរវត្តទៅកាន់ប្រាសាទបាយ័ន និងមានការសម្តែងសិល្បៈ ព្រមទាំងទស្សនីយភាពជាច្រើនទៀត»។
សូមរម្លឹកដែរថា ពិធីរំលឹកគុណអង្គរលើកទី៣ បានរៀបចំឡើងរយៈពេល១០ថ្ងៃ ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា, ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិជាច្រើននាក់៕