បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា

ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ «ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឃើញពី លក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង»។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ។ ដោយលើកទី១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញា វេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីប្រជុំគ្នា នៅខាងមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយក រូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

Daily Program

Livesteam thumbnail