បន្ទាប់ពីឡើងកាន់អំណាចរបស់លោកបាប៊ិស ផែនការរបស់ប្រទេសឆែកដើម្បី​បំពាក់​អាវុធដល់ទីក្រុងគៀវលែងមានស្ថិរភាព

គំនិតផ្តួចផ្តើមដែលដឹកនាំដោយសាធារណរដ្ឋឆែក ដែលអនុញ្ញាតឲ្យផ្គត់ផ្គង់អាវុធគ្រាប់រំសេវ សម្រាប់អ៊ុយក្រែន និងគាំទ្រដល់ការការពារខ្លួន​របស់ប្រទេសនេះប្រឆាំងនឹងរុស្ស៊ី លែងមាន ស្ថិរភាព។ យោងតាមសារព័ត៌មាន ហ្វាននេនស្យល់ ថែមស៍ (Financial Times) បានឲ្យដឹងថា ប្រធានាធិបតី​ឆែក លោកប៉េត្រ៍ ប៉ាវែល បាននិយាយថា ពាក់កណ្តាលនៃប្រទេសដែលជួយ​​ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនបានចាកចេញពីសម្ព័ន្ធភាព។ មានតែ ៩ប្រទេស ដែលបាន ចូលរួម​ចំណែកជានិច្ចកាល ទល់នឹង ១៨ ប្រទេសកាលពីឆ្នាំមុន។ ដោយត្រូវបានបង្កើតឡើង នៅឆ្នាំ២០២៤ ដោយអតីតរដ្ឋាភិបាលឆែក និងជាប្រធានាធិបតីនិយមអឺរ៉ុបសព្វថ្ងៃ ក្រុម សម្ព័ន្ធភាពបានអនុញ្ញាតឲ្យក្រុមហ៊ុនឆែកនានា​ទិញ​គ្រាប់ទូទាំងពិភពលោក តាមរយៈការផ្តល់ ហិរញ្ញប្បទានពីប្រទេសអឺរ៉ុបដែលស្ម័គ្រចិត្ត។

ប៉ុន្តែនាយករដ្ឋមន្រ្តីឆែកថ្មី លោកអន់ដ្រេ បាប៊ីស នៅពេលឡើងកាន់អំណាច កាលពីខែ ធ្នូ ឆ្នាំ​មុន បានឃ្លាតឆ្ងាយ​ពីការគាំទ្រទីក្រុងគៀវ។ លោកអន់ដ្រេ បាប៊ីស បានបង្ហាញនូវការរិះគន់​ដល់​គំនិតផ្តួចផ្តើមទាំងនេះ និងបានបរិហារ​នៅអំឡុងពេលឃោសនាបោះឆ្នោតរបស់លោក អំពី​​កង្វះតម្លាភាព​លើ​ការ​​ប្រើប្រាស់​​មូលនិធិ និងរហូតដល់គំរាមបោះបង់ចោលការ​ចូលរួម​ផង​ដែរ។

នាយករដ្ឋមន្រ្តីថ្មី ក៏បានសន្យាមិនឲ្យពលរដ្ឋរបស់ខ្លួនបង់ថ្លៃសម្រាប់អាវុធអ៊ុយក្រែន និងផ្តល់​បុព្វសិទ្ធសម្រាប់ជំនួយសាធារណៈដល់ជនជាតិឆែក ដែលកំពុងប្រឈមមុខនឹងការចំណាយ​ថ្លៃ​ថាមពលខ្ពស់ដោយសារហេតុផលនៃសង្រ្គាមនៅអ៊ីរ៉ង់។

មន្រ្តីយោធាម្នាក់បានពន្យល់ប្រាប់ទៅកាន់ ហ្វាយនេនស្យល់ ថែមស៍ថា កង្វះការតាំងចិត្តនៃ​ទីក្រុង​ប្រាហ្គចំពោះអ៊ុយក្រែន បានធ្វើឲ្យប្រទេសចូលរួមជួយខ្លះទៀត​មិនសូវអើពើដែរ។ ពី​ពេល​​នេះទៅ ប្រទេសខ្លះបានសន្និដ្ឋានថា វាមានការចម្លែក​ដែលបង់ថ្លៃ​ប្រាក់សម្រាប់អ្វីមួយ ដែល​​មិនទាន់មានការគាំទ្រពិតប្រាកដពីមេដឹកនាំនយោបាយនៃប្រទេសដែលកំពុងដឹកនាំ។ ប្រធានាធិបតីឆែក លោកពេត្រ៍ ប៉ាវែល មិនបានបញ្ជាក់អំពីប្រទេស​ដែលបាន​ចាកចេញ​ពី​កម្មវិធី​ជួយអ៊ុយក្រែននោះទេ ប៉ុន្តែប្រភពខាងយោធាបានបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ និង​ប្រទេស​ខ្លះនៅភាគខាងជើងនៅតែចូលរួមជួយអីចឹង។

លោកពេត្រ៍ ប៉ាវែល រំឭកថា ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបដឹងអំពីគំនិត​ផ្តួចផ្តើម​សម្រាប់​គ្រាប់រំសេវដែល​មាន​សារសំខាន់សម្រាប់អ៊ុយក្រែន ដែលវាអនុញ្ញាតឲ្យផ្គត់ផ្គង់រហូតដល់ ៥០% នៃរាល់​គ្រាប់​កាំភ្លើង​ធំដល់អ៊ុយក្រែន។ ក្នុងរយៈពេល ២ឆ្នាំ គ្រាប់កាំភ្លើងធំជាង ៤លាន​គ្រាប់ ត្រូវបាន​ផ្គត់ផ្គង់​ដល់ទីក្រុងគៀវ ដែលបានកាត់បន្ថយនូវគម្លាតដ៏ឆ្ងាយពីប្រព័ន្ធ​កាំភ្លើងធំ​រុស្ស៊ី។

ក្រសួងការពារជាតិឆែក បញ្ជាក់ថា មកដល់ថ្ងៃនេះ ការ​ផ្តល់ហិរញ្ញប្បទានជិត ១ពាន់លានអឺរ៉ូ ត្រូវបានទទួល​សម្រាប់ឆ្នាំ២០២៦។

លោកមីស្ហ៉ល់ ស្ត្រណាដ ដែលជាអគ្គនាយកនៃក្រុមហ៊ុន ឆែកចូស្ល៉ូវ៉ាក ដែលជាក្រុមហ៊ុន​ផលិត​គ្រាប់រំសេវដ៏ធំបំផុតមួយ​នៅអឺរ៉ុប និងជាដៃគូនៃរដ្ឋាភិបាលឆែកនៃគំនិតផ្តួចផ្តើម បានធ្វើ​ឲ្យ​ជឿថា បុព្វហេតុមិនបានបាត់បង់​ទាំងស្រុងទេ។ គំនិតផ្តួចផ្តើមក៏មិនបានស្លាប់ដែរ វានៅ​ដំណើរការដដែល វាគ្រាន់តែយឺតបន្តិច។ សម្រាប់រូបលោក ទោះបីជាកម្មវិធីជំនួយនឹងត្រូវ​ឈប់ ក៏​គ្រាប់រំសេវនៅតែបន្តហូរទៅដល់អ៊ុយក្រែន។ ប្រទេសអឺរ៉ុបនឹងប្រើប្រាស់ខ្សែបណ្តាញ​ជម្រើស​​ផ្សេងទៀត ឬអាចទិញផ្ទាល់ពីអ្នកផ្គត់ផ្គង់​នូវគ្រាប់រំសេវដោយមិនចាំបាច់ឆ្លងកាត់ក្រុម​សម្ព័ន្ធ​មិត្ត​​ជួយអ៊ុយក្រែនក៏បាន។

យោងតាមប្រធានាធិបតីឆែក បានឲ្យ​ដឹងទៀត​ថា ជោគវាសនានៃគំនិតផ្តួចផ្តើមជួយអ៊ុយក្រែន​នឹង​ត្រូ​វជាបេះដូងនៃកិច្ចពិភាក្សា​នៅក្នុងកិច្ច​ប្រជុំ​កំពូលនៃអង្គការណាតូ នៅទីក្រុងអន់ការ៉ា ប្រទេសទួរគី នៅថ្ងៃទី៧ និងទី៨ ខែកក្កដា ខាង​មុខ។

 

Daily Program

Livesteam thumbnail