បន្ទាប់ពីសង្រ្គាមជាមួយអ៊ីស្រាអែលអ៊ីរ៉ងបណ្តេញជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ចេញ

ក្រោយសង្រ្គាមជាមួយប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់បានពង្រីកការបណ្តេញជនភៀសខ្លួន​អាហ្វហ្គានីស្ថាន ចេញពីប្រទេស។ មនុស្សច្រើនជាង ២៥៦០០០នាក់ ស្ថិតនៅក្នុងស្ថានភាព​មិន​ទៀង​ទាត់ ត្រូវបានបណ្តេញចេញចាប់តាំងពីខែមិថុនា ដែលរួមមានទាំង​ស្រ្តី និងកុមារ។ នេះកត់​សម្គាល់នូវការកើនឡើងដល់កំពូលថ្មីនូវនយោបាយបញ្ជូនជនភៀសខ្លួន​ក្នុង​ទ្រង់ទ្រាយ​​ធំ​​ដែល​ធ្វើ​ឡើងដោយទីក្រុងតេអេរ៉ង់។ អាជ្ញាធរក៏បានចោទប្រកាន់ជនជាតិ​អាហ្វហ្គានីស្ថាន​ជាច្រើន​នាក់ថា​លបលួចធ្វើចារកម្ម។

ការបណ្តេញជនជាតិអាហ្វហ្គានីស្ថានកើនឡើងជាលំដាប់នៅប្រទេសអ៊ីរ៉ង់។ ជនជាតិ​អាហ្វហ្គានីស្ថាន​ច្រើនជាង ២៥៦០០០នាក់ ត្រូវបានបណ្តេញចេញពីអ៊ីរ៉ង់ចាប់តាំងពីខែមិថុនា ហើយយោងតាមអង្គការអន្តរជាតិសម្រាប់​ជនអន្តោប្រវេសន៍ (OIM) គ្រាន់តែនៅថ្ងៃ២៥ ខែ​មិថុនា ២៨០០០នាក់ ក្នុងចំណោមជនភៀស​ខ្លួនអាហ្វហ្គានីស្ថាន បានឆ្លងកាត់ព្រំដែនក្នុង​គោលដៅ​ត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ។

”ការបណ្តេញជនជាតិអាហ្វនីស្ថានក្នុងស្ថានភាពមិនធម្មតាគឺជាបាតុភូតកើតឡើងជា​ញឹកញាប់។ ប៉ុន្តែលើកនេះមានចំនួនច្រើនឡើងដល់កំពូល”។ យោងតាមមជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវអំពីជនអន្តោប្រវេសន៍ Samuel Hall ដែលបានចងក្រងឯកសារអំពីស្ថានភាព​នៃ​ជនជាតិ​អាហ្វហ្គានីស្ថានតាំងពីឆ្នាំ២០២០ បានឲ្យដឹងថា ការកើនខ្ពស់នេះមានឡើងទន្ទឹម​ពេល​​នឹង​ការបញ្ចប់ជម្លោះយោធារយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ យោងតាម​អ្នក​សិក្សា​ស្រាវជ្រាវនៃមជ្ឈមណ្ឌលបានឲ្យដឹងថា ភាពគាប់ជួននេះដែលធ្វើឡើង​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់ គឺជាទម្រង់នៃការបង្រ្កាបដែលមានគោលដៅនយោបាយ និងបិទបាំង​គ្រប់ដណ្តបពី​ក្រោម​​ហេតុផលសន្តិសុខជាតិ”។

នៅក្នុងសង្រ្គាមពេញលេញប្រឆាំង​នឹងអ៊ីស្រាអែល មន្រ្តីអ៊ីរ៉ង់បានចោទប្រកាន់ជា​សាធារណៈ​ជនជាតិ​អាហ្វនីស្ថានជាច្រើនថា បានធ្វើចារកម្មជាប្រយោជន៍ដល់រដ្ឋហេប្រ៉ឺ។ និស្សិត​អាហ្វហ្គានីស្ថាន​ម្នាក់ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងតេអេរ៉ង់ ដែល​ចោទ​ប្រកាន់ថានៅលើទូរសព្ទរបស់គាត់ មានសំនុំព័ត៌មានដែលពាក់ព័ន្ធនឹងការផលិតដ្រូន និង​​គ្រាប់បែក។ ប៉ុន្មានថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយចម្លើយសារភាព​សន្មត់​​ពីជនជាតិអាហ្វហ្គានីស្ថាន ៤នាក់ ទោះដឹងថា ការទទួលបានចម្លើយសារភាពដោយបង្ខំ គឺជាទង្វើដែលតាមធម្មតាមិនយកជាផ្លូវការទេ នេះបើតាមរយៈអង្គការនិទណ្ឌភាព​អន្តរជាតិ​​នៅ​ក្នុងរបាយការណ៍អំពីការធ្វើទារុញកម្មនៅប្រទេសអ៊ីរ៉ង់។ មជ្ឈមណ្ឌល Samuel Hall បាន​ធ្វើ​ការវាយតម្លៃថា ៖ “ទោះបីជាចម្លើយសារភាពមិនត្រូវបានផ្ទៀងផ្ទាត់ ការចោទ​ប្រកាន់​ទាំង​នេះ​ត្រូវបានតាមមកដោយការពង្រីកយ៉ាងធំនូវការឃាត់ខ្លួន និងការបណ្តេញ​ចេញ។”

នៅក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញនាប៉ុន្មានសប្តាហ៍​ចុង​ក្រោយ​នេះ បានបង្ហាញថាមានទាំងគ្រួសារទាំងមូល និងនារីវ័យក្មេងៗផងដែរ។ អង្គការ​សហ​ប្រជាជាតិ​ព្រួយបារម្ភអំពីនិន្នាការថ្មី និងគួរឲ្យកង្វល់។ គ្រួសារអាហ្វនីស្ថានច្រើនជាង ២​ដង​ត្រូវបានបណ្តេញចេញដោយទីក្រុងតេអេរ៉ង់កាលពីខែឧសភា និងខែមេសា។

យោងតាមទីស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (HCR) បានឲ្យ​ដឹង​ថា មានជនអន្តោប្រវេសន៍អាហ្វនីស្ថានជិត ៣,៨លាននាក់ ដែលរស់នៅអ៊ីរ៉ង់ក្នុង​ស្ថានភាព​ទាំង​​ស្របច្បាប់ និងខុសច្បាប់ នៅឆ្នាំ២០២៤។ ចំណែកអាជ្ញាធរអ៊ីរ៉ង់ បានរាប់ឃើញ​មាន​ជនជាតិ​​អាហ្វហ្គានីស្ថាន​ប្រមាណ ៦លាននាក់ ដែលមានវត្តមានលើទឹកដីអ៊ីរ៉ង់ ដោយរាប់​បញ្ចូល​​ទាំង​ក្មេង​ដែលមានកំណើតពីជនអន្តោប្រវេសន៍ទាំងនេះផងដែរ។

 

Daily Program

Livesteam thumbnail