បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិក របបអ៊ីរ៉ង់ ចូលក្នុងភាពភ័យខ្លាច និងការបង្រ្កាប

នៅខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ងចូលជាធរមាន របបអ៊ីរ៉ង ផុយស្រួយ អាចនឹងដួលរលំ។ នៅរវាងអសន្តិសុខធ្ងន់ធ្ងរ ការស្តារអំណាចឡើងវិញ និងការ ប្រមាញ់ជន ប្រឆាំង សាធារណរដ្ឋអ៊ីស្លាម ចូលទៅក្នុងដំណាក់កាលនៃភាពមិនច្បាស់លាស់ យ៉ាងខ្លាំងក្លា។
នៅខណៈដែលបទឈប់បាញ់ផុយស្រួយ បានចូលជាធរមានរវាងប្រទេសសត្រូវទាំងពីរកាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ មិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយ។
តាំងពីប៉ុន្មានថ្ងៃកន្លងមកហើយ គឺនៅមានការស្មុគស្មាញខ្លាំងណាស់ជាមួយលោកអាយ៉ាតូឡា ខាម៉ឺនី។ ស្ទើតែអវត្តមានពីឆាកនយោបាយ ជនទី១ នៃរបបអ៊ីរ៉ង់ បានលាក់ខ្លួនជាមួយគ្រួសាររបស់លោក និងត្រូវបានការពារដោយអង្គភាពកងកម្លាំងពិសេស វ៉ាលី យ៉េ អាម នៃឆ្មាំបដិវត្ត។ មានការទំនាក់ទំនងជាមួយមេបញ្ជការរបស់លោកតែតាមអន្តរការីនៃជំនួយការដែលមានទំនុកចិត្ត ហើយក៏មិនមានប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិចដែរដោយសារភ័យខ្លាចត្រូវដឹងទីតាំងដោយអ៊ីស្រាអែល។
តើសេចក្តីសម្រេចអំពីបទឈប់បាញ់អាចធ្វើឲ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងរបបរបស់លោកស្ថិតនៅក្រៅគ្រោះថ្នាក់ដែរឬទេ?
លោកចូណាថាន់ ពីរ៉ុង អ្នកប្រវត្តិវិទូ ឯកទេសអំពីអ៊ីរ៉ង់ នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអេតូពៀ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែរហ្ស៊ីក បានរំឭកថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បទឈប់បាញ់នៅក្នុងតំបន់ មិនដែលត្រូវបានគោរពនោះទេ។ បើតាមរូបលោក ស្ថានភាពអាចនឹងកើតឡើងទៀតជាមួយអ៊ីរ៉ង់។ សព្វថ្ងៃនេះ អ៊ីរ៉ងដែលខ្សោយខ្លាំង មានភាពមិនរស់រវើកក្នុងការសម្រេចចិត្តប្រឆាំងនឹងអ៊ីស្រាអែល ហើយអ៊ីស្រាអែលពីពេលនេះទៅដូចជាអ្នកគ្រប់គ្រងតំបន់ទៅហើយ។ ដូច្នេះទាហានអ៊ីស្រាអែលអាចនឹងបន្តវាយប្រហារគោលដៅក្នុងពេលវេលាជាក់លាក់ ទៅលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តរបស់អ៊ីរ៉ង់។ អ្វីដែលនៅសល់ គឺការដឹងថា របបអ៊ីរ៉ង់ជ្រើសរើសឈក្នុងជំហរយ៉ាងដូចម្តេច?
លោកចូណាថាន់ ពីរ៉ុង ពន្យល់ថា នៅក្នុងបរិបទប្រភេទនេះ របបអ៊ីរ៉ង់យកចិត្តទុកដាក់នឹងតភ្ជាប់នូវទំនាក់ទំនងដើម្បីបញ្ចៀសមិនឲ្យមើលឃើញនូវធាតុនៃការប្រឆាំងនៅក្នុងចំណោមប្រជាជន និងនៅក្នុងចលនាកំណែទម្រង់ដែលលេចឃើញ។ យោងតាមអ្នកឯកទេសរូបនេះ បានឲ្យដឹងថា ទោះបីជាមានការបែងចែកបក្សពួកនានានៅក្នុងផ្ទៃក្នុង ដែលជួនកាលជាអ្នកប្រឆាំង ឬស្អប់គ្នាទៅវិញទៅមក ការឈ្លោះគ្នានឹងត្រូវជាប់គាំងប្រឈមនឹងមុខនឹងការគំរាមកំហែង ដោយសារផលប្រយោជន៍រួមរបស់ពួកគេស្ថិតនៅលើការបែកខ្ញែកបែកបាក់គ្នា។ ផ្ទុយពីប្រទេសភាគច្រើននៅលើពិភពលោក នៅអ៊ីរ៉ង់ ប្រធានាធិបតិបតីមិនមែនជាប្រមុខរដ្ឋទេ។ តួនាទីនេះគឺស្ថិតនៅលើមេដឹកនាំកំពូលខ្ពស់បំផុត ដែលត្រូវបានតែងតាំងពេញមួយជីវិតដោយសភានៃអ្នកជំនាញសាសនា។ យោងតាមសារព័ត៌មាន New York Times ដែលផ្អែកលើសំដីរបស់មន្រ្តីអ៊ីរ៉ង់ ៣រូប បានឲ្យដឹងថា សញ្ញានៃស្ថានភាពបឋមដែលរបបអ៊ីរ៉ងឆ្លងកាត់ គឺលោកអាយ៉ាតូឡា ខាម៉ឺនី បានតែងតែងឥស្សរជន ខាងសាសនាជាន់ខ្ពស់បីរូប ជាបេក្ខជនដើម្បីស្នងបន្តពីលោកនៅពេលណារូបលោកត្រូវបាន គេសម្លាប់។
លោកក្លេម៉ង់ តែម អ្នកនិពន្ធសៀវភៅ គំនិតទទូលបានអំពីអ៊ីរ៉ង់ បានរៀបរាប់ថា អ្នកខ្លះអធិប្បាយកាន់តែវែងអំពីទ្រឹស្តីនៃការប៉ះទង្គិច។ ប្រសិនបើខាម៉ឺនី ស្លាប់ រឿងនេះនឹងអាចធ្វើឲ្យរបបអ៊ីរ៉ង់រង្គោះរង្គើរ។ អ្នកនិពន្ធបន្ថែមថា ប៉ុន្តែសម្រាប់អ្នកខ្លះ អ្នកស្ថាបននិយម វាយតម្លៃផ្ទុយពីនេះថា យន្តការនៃការបន្តអំណាចត្រូវបានដាក់ឲ្យដំណើរការហើយ មានជាអាទិ៍ តាមរយៈសភានៃអ្នកជំនាញអ៊ីរ៉ង់ និងជាមួយបញ្ជីឈ្មោះដ៏ល្បីនៃបុគ្គលបីរូបដែលត្រូវជ្រើសរើស។
Daily Program
