នៅប្រទេសរុស្ស៊ី រោងចក្រថាមពល និងឧស្សាហកម្មត្រូវបានឆេះ បន្ទាប់ពីការ វាយប្រហាររបស់អ៊ុយក្រែន

ប្រឈមមុខនឹងការវាយប្រហារមិនឈប់ឈររបស់ទីក្រុងមូស្គូ មកលើមជ្ឈមណ្ឌលយុទ្ធសាស្រ្ត​នៃប្រទេសអ៊ុយក្រែន ទីក្រុងគៀវ បានវាយបកវិញ។ អាជ្ញាធររុស្ស៊ី បានប្រាប់ឲ្យដឹងថា កាលពី​ថ្ងៃ​អង្គារ ទី១៤ មករា មជ្ឈមណ្ឌលថាមពល និងឧស្សាហកម្មជាច្រើនរបស់រុស្ស៊ី ត្រូវបានឆេះ បន្ទាប់​ពីមានការវាយប្រហាររដោយដ្រូនរបស់អ៊ុយក្រែន​នៅតំបន់ចំនួន ២ ។

ទីក្រុងគៀវ និងទីក្រុងមូស្គូ បានពង្រីកការវាយប្រហាររបស់ពួកគេនៅប៉ុន្មានខែចុងក្រោយ និង​ចង់​​ពង្រឹង​ទីតាំងរៀងៗខ្លួន មុនការវិលត្រឡប់មកកាន់សេតវិមានរបស់លោកដូណាល់ ត្រាំ នៅ​​ថ្ងៃ​​ទី​២០ ខែមករា។ ប្រធានាធិបតីអាម៉េរិកជាប់ឆ្នោត បាននិយាយថា ចង់បញ្ចប់សង្រ្គាម​នៅ​​អ៊ុយក្រែន​​នៅពេលលោកចូលកាន់តំណែងភ្លាម។

នៅលើបណ្តាញតេឡេក្រាម អភិបាលតំបន់ បាននិយាយឲ្យដឹងថា នៅក្នុងជាយក្រុងកាហ្ស៉ង់ ទីរួមខេត្តនៃសាធារណរដ្ឋតាតាស្តង់ របស់រុស្ស៊ី រថយន្តស៊ីទែនឧស្ម័នមួយ បានឆេះ បន្ទាប់​ពី​មាន​ការវាយប្រហារដោយដ្រូន។ លោកបានអះអាងថា មិនមាននរណារងរបួសទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានផ្សព្វផ្សាយអំពីរូបភាពនានានៃអណ្តាត​ភ្លើងដ៏​ធំ និងផ្សែងខ្មៅខ្មួលខ្មាញ់ ហោះឡើងលើមេឃ បានឲ្យដឹងថា មានការវាយប្រហារសំដៅ​មក​លើ​ដេប៉ូ​ឧស្ម័នរាវ នៅជិតរោងចក្រគីមី។

ក្រៅពីនេះ នៅក្នុងតំបន់ សារ៉ាតូវ ដែលស្ថិតនៅចម្ងាយប្រមាណ ៧០០ គមនៅភាគអាគ្នេយ៍នៃ​ទីក្រុង​មូស្គូ និងប្រមាណ ៥០០ គម ពីព្រំដែនអ៊ុយក្រែន អភិបាលតំបន់ លោករ៉ូម៉ាន ប៊ូសាហ្គីន បានប្រាប់ឲ្យដឹងថា សហគ្រាសឧស្សាហកម្មពីរ ត្រូវរងការ​ខូច​ខាត បន្ទាប់ពីមានការវាយ​ប្រហារ​ដ៏សម្បើមរបស់ដ្រូន។ លោកបាននិយាយទៀតថា អគ្គីភ័យ​មួយ ត្រូវបានបង្កឡើង​ដោយ​​ការវាយប្រហារនេះនៅលើសហគ្រាសនៅទីក្រុងអេនជែល។ លោក​មិនបានបញ្ជាក់​អំពី​សភាពនៃការខូចខាត​ដែលបង្កឡើងនៅរោងចក្រទី២ ដែលរងការ​វាយ​​ប្រហារដែល​ស្ថិត​នៅ​ខេត្ត​សារ៉ាតូវ របស់រុស្ស៊ីនោះទេ។ ទីក្រុងនេះត្រូវទទួលរងការវាយ​ប្រហារដ៏ខ្លាំងក្លា​​តាំងពីថ្ងៃទី​៨ ខែមករា ដោយដ្រូន និងបង្កជា​អគ្គីភ័យ​លើ​មជ្ឈ​ម​ណ្ឌលប្រេងផងដែរ។

យោធាអ៊ុយក្រែនបានប្រកាសថា នេះគឺជារលកនៃការវាយប្រហារនាពេលរាត្រីដ៏ខ្លាំងក្លា​ចាប់​តាំង​ពីការ​ចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនតាំងពី ៣ឆ្នាំ មុន។ នៅក្នុង​សេចក្តី​ប្រកាសមួយ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយឲ្យដឹងថា ៖ “កងកម្លាំង​ការពារ​​ជាតិ​របស់អ៊ុយក្រែន បានបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងគោលដៅ​យោធា​​នានា ដែល​មានចម្ងាយពី ២០០ គម ទៅដល់ ១១០០ គម នៅក្នុងជម្រៅដែនដីរុស្ស៊ី។”

ទន្ទឹមនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើរុស្ស៊ី កងទ័ពអាកាសអ៊ុយក្រែនបានប្រាប់ឲ្យ​ដឹង​ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ៥៨គ្រឿង ក្នុង​ចំណោមដ្រូន ៨០គ្រឿង ដែលបាញ់​ចេញ​មក​ពី​ប្រទេស​រុស្ស៊ីសំដៅមកលើអ៊ុយក្រែន។ ទាហានទីក្រុងគៀវ បាន​ថ្លែងឲ្យដឹងថា ៖ “នៅក្នុង​ពេល​រាត្រី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សត្រូវ​បាន​វាយ​ប្រហារ​ដោយ​ដ្រូនចំនួន ៨០។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសកាលពីថ្ងៃចន្ទ ថា លោកបានពិភាក្សាជាមួយសមភាគីបារាំងរបស់លោក គឺលោកអេម៉ានូអែល ម៉ាក្រុង អំពីការ​គាំទ្រ​​សម្រាប់​​អ៊ុយក្រែន និងជាយថាហេតុអាចដាក់ពង្រាយទាហានបរទេសនៅប្រទេស​អ៊ុយក្រែន។ គំនិត​នៃការដាក់ពង្រាយកងទ័ពអឺរ៉ុបនៅអ៊ុយក្រែន ត្រូវបានរំឭកឡើងជាច្រើនដង​នៅប៉ុន្មានខែ​ចុងក្រោយនេះ នៅក្នុងសំណើរអំពីលទ្ធភាពនៃកិច្ចចរចាសន្តិភាពនាពេល​អនាគត​រវាង​រុស្ស៊ី និងអ៊ុយក្រែន។

 

Daily Program

Livesteam thumbnail